ប្រធានCEMEA ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌​មាន​សេដ្ឋកិច្ចកម្ពុជា(CEMEA) ថ្នាក់ដឹកនាំ និងសមាជិក សមាជិ​កាទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា -ឡាវ -វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យបាត់បង់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា-ឡាវ -វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញ សមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។

គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវ ការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងកាត់បន្ថយភាពក្រីក្រ តាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ មិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here