រដ្ឋមន្រ្តីសេដ្ឋកិច្ចជម្រុញការគ្រប់គ្រងការប្រមូលពន្ឋ ខណៈចំណូលបានធ្លាក់ចុះ

ភ្នំពេញៈ លោកអគ្គបណ្ឌិតសភាចារ្យអួន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រុញឲ្យមន្រ្តីអគ្គនាយកដ្ឋានពន្ឋដា ពង្រីកការផ្សព្វផ្សាយ និងគ្រប់គ្រងការប្រមូលពន្ឋឲ្យបានកាន់តែប្រសើរ។
លោកបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ។


លោកអូន ព័ន្ធមុនីរ័ត្ន បានបង្ហាញនូវចក្ខុវិស័យទាំងក្របខ័ណ្ឌរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ព្រមទាំងផ្តល់អនុសាសន៍ណែនាំចង្អុលបង្ហាញ លើបញ្ហាប្រឈមនានា ដែលកើតមានឡើងទាំងខាងក្នុង និងខាងក្រៅអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងទិសដៅអនុវត្តន៍បន្ត សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបំពេញបេសកកម្មគ្រប់គ្រង ប្រមូលចំណូលពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
លោកអគ្គបណ្ឌិតសភាចារ្យ បានផ្តល់នូវទស្សនទានថ្មីៗនៃសង្គមសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពនៃសភាពការណ៍ថ្មី នៃសេដ្ឋកិច្ចសកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ស្របពេលដែលត្រូវបន្តប្រឈមនឹងបច្ច័យនានា បន្សល់ទុកពីវិបត្តិនៃជំងឺកូវីដ-១៩ ភាពតានតឹង នៃភូមិសាស្ត្រនយោបាយ និងវិបត្តិនានាដែលអាចជះឥទ្ធិពល ជាអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជាជាអាទិ៍ វិបត្តិកើតឡើងជាបន្តបន្ទាប់នៃស្ថានភាពសង្គ្រាម រុស្សី-អ៊ុយក្រែន និងតំបន់ហ្គាហ្សា។


ទន្ទឹមនឹងគ្នានេះ អាចមានវិស័យមួយចំនួន អាចនឹងទ្រឹងនិង បន្តថមថយ ប៉ុន្តែវិស័យខ្លះទៀតអាចរំពឹងថា នឹងមានកំណើន។
អគ្គបណ្ឌិតសភាចារ្យ បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធ បន្តផ្សព្វផ្សាយ និងពង្រឹងការគ្រប់គ្រងប្រមូលពន្ធ លើអចលនទ្រព្យ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងពន្ធលើមធ្យោបាយ ដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤នេះ។ ព្រមជាមួយគ្នានេះ ត្រូវបន្តពង្រឹងតម្លាភាព និងគណនេយ្យភាព នៃការបង់ពន្ធរបស់សហគ្រាសក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិ សុរា ដោយបន្តពង្រឹងអនុវត្តន៍យន្តការ បំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាឱ្យបានរួចរាល់គ្រប់សហគ្រាស ការចុះត្រួតពិនិត្យឧបករណ៍វាស់ចំណុះ (Flowmeter) ក្នុងខ្សែច្រវាក់ផលិតកម្មដល់ទីតាំង និងបន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្ដកិច្ចសហការ ជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាស តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការពិនិត្យ និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា។
លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានប្រមាណ១៩១៧.៩៦លានដុល្លារ ស្មើនឹង៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៤៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here