ទោះកំពុងមានជម្លោះជាមួយចិន ហ្វីលីពីននៅតែបន្តសាងសង់ ព្រលានយន្តហោះ

អន្តរជាតិ: ប្រទេសហ្វីលីពីន បានចាប់ផ្តើមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីមួយទៀត នៅលើកោះ Pag-asa ក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិ ស្របពេលទីក្រុងម៉ានីល កំពុងមានជម្លោះដែនទឹក និងភាពតានតឹងជាមួយទីក្រុងប៉េកាំង។

ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ ត្រូវបានរាយការណ៍ដំបូងបង្អស់ ដោយសារពត៌មាន Bloomberg។ ការអភិវឌ្ឍន៍នេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ជាចំណាត់ការមួយរបស់ហ្វីលីពីន ដើម្បីបង្កើនការចូលទៅកាន់ដែនកោះ ទាំងគោលបំណងស៊ីវិល និងយោធា។

យោងតាមប្រភពពីសារពត៌មាន Bloomberg បានឱ្យដឹងថា ការ​ចាក់ដីបំពេញ​ដើម្បី​សាងសង់ ពង្រីក​ផ្លូវ​រត់​សម្រាប់យន្តហោះចុះចត កំពុង​តែ​ដំណើរការ​ទៅមុខ។ នៅពេលគម្រោងនេះ ត្រូវបានបញ្ចប់រួចរាល់ អាកាសយានដ្ឋាននេះ នឹងធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរទៅ និងមកពីកោះដាច់ស្រយាល ព្រមទាំងមានសក្តានុពល ជំរុញវិស័យទេសចរណ៍ និងការវិនិ​យោគនៅក្នុងតំបន់ថែមទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីស្ថាបនាព្រលានយន្តហោះនៅលើកោះ Pag-asa ហ្វីលីពីន ក៏គ្រោងបញ្ចប់ការសាងសង់ផ្លូវរត់ សម្រាប់យន្តហោះយោធានៅលើកោះ Balabac ក្នុងខេត្ត Palawan ដែលស្ថិតនៅជិតសមុទ្រចិនខាងត្បូងផងដែរ។

កោះ Balabac គឺជាទីតាំងថ្មីមួយ ក្នុងចំណោមទីតាំងថ្មីដទៃទៀត ដែលយោធាអាមេរិក អាចចូលប្រើប្រាស់បានក្រោមកិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានមានប្រសាសន៍ឱ្យដឹងថា “យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការសាងសង់ផ្លូវរត់ ក្នុងគោលបំណងយោធានៅលើកោះ Balabac ដោយសារតំបន់នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខជាតិ។ នេះបើយោងតាមសារព័ត៌មាន Bloombergដដែល។

គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗខាងលើ ស្ថិតក្នុងចំណោមអាទិភាពរបស់រដ្ឋបាលលោក Marcos ក្នុងគោលបំណងបើកចំហតំបន់ភាគខាងត្បូង នៃរដ្ឋធានីម៉ានីល ដើម្បីទាក់ទាញការវិនិយោគថ្មី បន្ធូរបន្ថយការដឹកជញ្ជូនតាមផ្លូវគោក និងពង្រឹងវិស័យទេសចរណ៍។

យ៉ាងណាមិញ ការអភិវឌ្ឍន៍ព្រលានយន្តហោះ នៅលើកោះ Pag-asa អាចនឹងធ្វើឱ្យទំនាក់ទំនង រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង កាន់តែមានភាពតានតឹង ថែមមួយកម្រិតទៀត។

តួយ៉ាង អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីលបានលើកឡើងថា “ប្រទេសចិនបានប្តេជ្ញាចិត្ត ក្នុងការដោះស្រា​យជម្លោះពាក់ព័ន្ធជាមួយហ្វីលីពីន តាមរយៈការចរចាដោយផ្ទាល់ និងការពិគ្រោះយោបល់ជាមិត្ត ដោយឈរលើមូលដ្ឋាននៃការគោរពអង្គហេតុប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ”។

អ្នកនាំពាក្យរូបនោះបន្ថែមថា “យើងសង្ឃឹមថា ភាគីហ្វីលីពីននឹងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) និងវិលត្រលប់ទៅរកផ្លូវត្រឹមត្រូវតាមរយៈការចរចាទ្វេរភាគី”៕ប្រភព: Newsweek ៕

LEAVE A REPLY

Please enter your comment!
Please enter your name here