អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈក្រុមសេដ្ឋវិទូនៅស្ថាប័ន Morgan Stanley បានព្យាករណ៍ថា ការផ្គត់ផ្គង់ និងតម្រូវការប្រេង នឹងមានតុល្យភាពនៅត្រីមាសទី៤ ឆ្នាំនេះ មុននឹងជួបប្រទះអតិរេកនៃការផ្គត់ផ្គង់នៅឆ្នាំក្រោយ។
តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែកញ្ញាបានធ្លាក់ចុះ៩សេនមកត្រឹម៨២,៣១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0005 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១០សេនមកត្រឹម៧៨,៣០ដុល្លារក្នុងមួយបារ៉ែល។
នៅសប្តាហ៍នេះ ក្រុមអ្នកវិនិយោគនឹងរង់ចាំអ៊ុតមើលទិន្នន័យកំណើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី២ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE)របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រ។ ទិន្នន័យទាំង២នេះអាចផ្តល់តម្រុយបន្ថែមទៀតអំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
បន្ថែមលើនោះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ដែលការណ៍នេះបានធ្វើឱ្យតម្លៃមាសងើបឡើងថ្លៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ។
ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគក៏គ្រោងនឹងផ្តោតលើការថ្លែងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារ Fed នៅចុងបញ្ចប់កិច្ចប្រជុំគោលនយោបាយរបស់ធនាគារ Fed ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដានេះ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,២២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៣១ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១ខែ ខណៈភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ និងអាមេរិក បានបង្ហាញសញ្ញាវិជ្ជមានឡើងវិញ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៦០ភាគរយ គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។
ជាមួយគ្នានេះដែរ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,១១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ១,០៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២៦ភាគរយ៕