លោកឌិត ទីណាអញ្ជើញទៅកាន់តំបន់ស្ទឹងអារ៉ែង ដើម្បីពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត​ និងបង្កាត់ពូជរបស់ត្រីនាគ​

 កោះកុងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាអមដំណើរ ដោយថ្នាក់ដឹកនាំ​ក្រសួង បានអញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង​ ស្ថិតនៅភូមិជំនាប់​ ឃុំជំនាប់​ ស្រុកថ្មបាំង​ ខេត្តកោះកុង។

ដំណើរបេសកកម្មរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា នេះ មានគោលដៅពិនិត្យមើល អំពីលទ្ធភាពបង្កកំណើត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀត នៅក្នុងតំបន់ស្ទឹងអារ៉ែង ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។ 

ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រី ជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណ៥០ក្បាលតែប៉ុណ្ណោះ​ នៅតាមតំបន់ស្ទឹងអារ៉ែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ លោករដ្ឋមន្ត្រី​​ ឌិត​ ទីណា បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងបានណែនាំដល់សហគមន៍ ​ឱ្យ​យកចិត្តទុកដាក់ខ្ពស់​ ក្នុងការថែរក្សាធនធានធម្មជាតិ​ និងធនធានជលផល​។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ​ក្រសួងនឹងសហការជាមួយដៃគូនានា​ ក្នុងការចូលរួមការពារ​ថែរក្សាធនធាន​ព្រៃឈើសត្វព្រៃ​ និងជលផល​ ឱ្យ​កាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព៕

ដោយៈ និស្ស័យ

LEAVE A REPLY

Please enter your comment!
Please enter your name here