ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកមាស ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារបំពេញបេសកកម្ម ពិនិត្យការអនុវត្តកម្មវិធី ASPIRE-AT នៅខេត្តគោលដៅចំនួន៣។
លោកបានចុះពិនិត្យការងារនេះ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បាននិងកំពុងអនុវត្តន៍នៅខេត្តចំនួន៣ គឺ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង។
ដំណើរបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ សកម្មភាពការងារដែលក្រុមការងារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង៣ កំពុងបន្តអនុវត្តជាក់ស្តែងជាមួយសហគមន៍កសិកម្ម និងកសិករគោលដៅ សិក្សាស្វែងយល់អំពីបញ្ហាប្រឈមរបស់មន្ទីរកសិកម្ម ព្រមទាំងសហគមន៍កសិកម្ម និងកសិករ ដែលជាអ្នកទទួលផល ព្រមទាំងពិគ្រោះយោបល់ ឈានទៅស្វែងរកវិធីដោះស្រាយ បញ្ហាប្រឈមទាំងនោះ។
ជាលទ្ធផល លោកបានពិនិត្យឃើញថា ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត បាសម្រេចវឌ្ឍនភាពល្អៗជាច្រើន ជាពិសេសក្នុងការចងក្រងកសិករ ជាសហគមន៍កសិកម្ម និងបានការគាំទ្រផ្នែកបច្ចេកទេស។
ជាមួយគ្នានោះដែរ ក្រុមការងារក៏បានកំណត់បញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវរកវិធីដោះស្រាយ ចាប់តាំងពីថ្នាក់មន្ទីរ ខេត្ត និងកម្រិតលេខាធិការដ្ឋានកម្មវិធី សំដៅធ្វើឱ្យកម្មវិធីអាចដោះស្រាយបញ្ហាសំខាន់ៗ របស់សហគមន៍កសិកម្ម និងកសិករ ព្រមទាំងអាចរួមចំណែកបានច្រើនបំផុត ដល់ការសម្រេចចក្ខុវិស័យ និងកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម៕