ជប៉ុន​គ្រោងជំរុញ​ការ​ផលិត និង​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ចាក់យន្តហោះ​ ស្របពេល​មាន​កំណើន​ភ្ញៀវទេសចរណ៍

តូក្យូ: យោងតាមសេចក្តីព្រាងផែនការ របស់រដ្ឋាភិបាលបង្ហាញថា ជប៉ុនគ្រោងបង្កើនការផលិត និងការនាំចូលប្រេងឥន្ធនៈចាក់យន្តហោះ ដើម្បីទប់ទល់នឹងការកើនឡើងនៃតម្រូវការជើងហោះហើរ ខណៈវិស័យទេសចរណ៍ជប៉ុន កំពុងស្ទុះងើបឡើងវិញ។

គំនិតផ្តួចផ្តើមនេះ មានគោលដៅដោះស្រាយការខ្វះខាតប្រេងឥន្ធនៈនាពេលថ្មីៗនេះ ដែលបង្កជាផលប៉ះពាល់ដល់ជើងហោះហើរពាណិជ្ជកម្ម និងបានរារាំងដល់ការពង្រីកសមត្ថភាពហោះហើរអន្តរជាតិ និងការដាក់ឱ្យប្រើប្រាស់ផ្លូវហោះហើរថ្មី។

ចំនួនភ្ញៀវទេសចរណ៍ ដែលចូលទៅកាន់ប្រទេសជប៉ុនបានស្ទុះងើបឡើងវិញ បន្ទាប់ពីទីក្រុងតូក្យូ បានអនុវត្តន៍គោលនយោបាយលើកលែងទិដ្ឋាការឡើងវិញ នៅចុងឆ្នាំ២០២២ គួបផ្សំនឹងការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េន ដែលការណ៍នេះបានជួយបង្កើនការទាក់ទាញ ចំពោះភ្ញៀវទេសចរណ៍បរទេសឱ្យមកចាយវាយនៅប្រទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់បង្ហាញដោយក្រសួងឧស្សាហកម្ម និងដឹកជញ្ជូនជប៉ុន ដល់ក្រុមអ្នកជំនាញឯកទេស ដើម្បីពិភាក្សាអំពីបញ្ហាកង្វះប្រេងឥន្ធនៈ។

តាមរយៈគំនិតផ្តួចផ្តើម រយៈពេលខ្លីមួយនេះ រដ្ឋាភិបាលជប៉ុន ស្នើឱ្យវាយតម្លៃកំណើនតម្រូវការ ប្រេងឥន្ធនៈនៅតាមអាកាសយានដ្ឋាននីមួយៗ ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ តាមរយៈការបង្កើនផលិតកម្មប្រេងក្នុងស្រុក និងការបង្កើនការនាំចូល។

ផែនការនេះក៏រួមបញ្ចូលផងដែរ នូវការពង្រឹងប្រព័ន្ធដឹកជញ្ជូន ដោយរដ្ឋាភិបាលបានណែនាំ ឱ្យឡានដឹកទំនិញធំៗ និងកប៉ាល់នានាត្រូវដឹកទំនិញ ក្នុងចំណុះសមត្ថភាពពេញលេញ។

សម្រាប់គំនិតផ្តួចផ្តើមរយៈពេលមធ្យម និងរយៈពេលវែង សេចក្តីព្រាងច្បាប់នេះ ស្នើឱ្យបង្កើនចំនួនអាងស្តុកទុកប្រេងនៅតាមរោងចក្រចម្រាញ់ប្រេង និងអាកាសយានដ្ឋាន រួមជាមួយនឹងការពង្រីកកប៉ាល់ និងការធ្វើបច្ចុប្បន្នភាពលើឧបករ ណ៍ដឹកជញ្ជូនទំនិញចាស់ៗ៕ប្រភព: Reuters៕

ដោយ: គង់ លាងហួរ

LEAVE A REPLY

Please enter your comment!
Please enter your name here