រដ្ឋាភិបាលសម្រេចផ្ដល់ហិរញ្ញប្បទានដល់សហគ្រាស២៧ដែលជួបបញ្ហាធ្ងន់ធ្ងរ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីស្ដារវិស័យឯកជនឡើងវិញ ក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យមក៏ជាអាទិភាព សម្រាប់រដ្ឋាភិបាលក្នុងការដោះស្រាយផងដែរ ជាក់ស្ដែងរដ្ឋាភិបាល បានសម្រេចផ្ដល់ហិរញ្ញប្បទានដល់សហគ្រាសចំនួន២៧ ដែលជួបបញ្ហាដោយសារតែវិបត្តិ។

លោកវង្សី វិស្សុតរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក៏ដូចជា Khmer Enterprise គឺមានគោលដៅកសាងកំលាំងដឹកនាំ។

លោកបានបន្តថា ឬអាចនិយាយថា ជាមេទ័ពក្នុងវិស័យឯកជន ដើម្បីប្រយុទ្ធក្នុងសមរភូមិសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាបច្ចេកវិទ្យា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ប្រសិទ្ធភាពធុរកិច្ចជាមីក្រូ និងប្រសិទ្ធភាពសេដ្ឋកិច្ចជារួម ក្នុងបរិការណ៍ថ្មីនៃសកលលោក ឬប្រក្រតីថ្មីក្នុងគោលដៅបង្កើតនូវតម្លៃបន្ថែម និងកំលាំងអូសទាញសេដ្ឋកិច្ចថ្មីៗទៀតនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា សហគ្រិនខ្មែរ ដែលជាអង្គភាពចំណុះឱ្យមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដើរតួជាឃ្នាស់ថ្មី ក្នុងការជួយផ្សាភ្ជាប់សហគ្រិនទាំងក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជាភ្នាក់ងារជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាក្នុងអាជីវកម្ម និងខ្សែច្រវាក់តម្លៃ និងបង្កើតជាម៉ូដែលអាជីវកម្មថ្មីក្នុងប្រទេស។

លោកបានថ្លែងថា “សមិទ្ធផលដែលក្រុមការងារបានសម្រេចកន្លង មកពីកម្មវិធីរបស់ខ្លួនមានដូចជា កម្មវិធីជំនួយសហគ្រិនខ្មែរ ដែលជួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងបរិការណ៍ជំងឺកូវីដ-១៩នេះ និងកិច្ចសហប្រតិបត្តិការជាដៃគូនាពេលខាងមុខនេះ ជាមួយដៃគូអន្តរជាតិដូចជា៖ 500 Startups សាកលវិទ្យាល័យ Stanford និងសហគ្រិនសិង្ហបុរី (Enterprise Singapore) ជាដើម”។

លោកជា កុកហុងប្រធានលេខាធិការដ្ឋាន នៃមូលនិធិអភិវឌ្ឍសហគ្រិន បានមានប្រសាសន៍ថា សហគ្រិនខ្មែរ ជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលបង្កើតឡើងដោយ មានចក្ខុវិស័យក្លាយជា ថ្នាលជាតិសម្រាប់ការលើកកម្ពស់ គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព តាមរយៈការអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូរដ្ឋ និងឯកជន។

លោកបានបន្តថា សហគ្រិនខ្មែរ ធ្វើការគាំទ្រទៅលើវិស័យអាទិភាព រួមមានធុរកិច្ចបង្កើតថ្មីបែបបច្ចេកវិទ្យា សេវាកម្ម ការកែច្នៃកសិ-ចំនីអាហារ កសិកម្មសម្រាប់ការនាំចេញ និងផលិតកម្មសម្រាប់ ជំនួសការនាំចូល ដើម្បីគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច នវានុវត្តន៍ ការបង្កើនផលិតភាព និងការបង្កើតការងារ ។

សម្រាប់កម្មវិធីកញ្ចប់ជំនួយទាំងពីរជុំនេះ សហគ្រិនខ្មែរបានប្រើប្រាស់ថវិកាសរុបប្រមាណ ៤០ម៉ឺនដុល្លារអាមេរិក ជូនទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចាប់ពីចន្លោះ ៥ពាន់ដុល្លារទៅ ២ម៉ឺន ដុល្លារ ជាមួយនឹងលក្ខខណ្ឌប្រើប្រាស់កញ្ចប់ថវិកាយៈពេល១ឆ្នាំ ក្នុងការប្រតិបត្តិការអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here