ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារទីផ្សារព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសចិន ខណៈចិនជាប្រទេសនាំចូលប្រេងលំដាប់កំពូលមួយនៅលើពិភពលោក។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៣សេនមកត្រឹម៧៩,៥៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0032 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៧៦,៥២ដុល្លារក្នុងមួយបារ៉ែល។
បច្ចុប្បន្ន ទីផ្សារបន្តសម្លឹងឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃមកនៅត្រឹម១០២,២១ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៤៦ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគកំពុងប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលកូរ៉េខាងត្បូង និងកិច្ចប្រជុំប្រចាំខែសីហារបស់ធនាគារកណ្តាលអូស្ត្រាលី។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន១,១៣ភាគរយ គិតត្រឹមម៉ោង១០:៤១នាទីព្រឹក។
យ៉ាងណាមិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,០៤១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,២១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៤១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៥៣ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២៦ភាគរយ៕