តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃអង្គារនេះ ដោយសារក្រុមអ្នកវិនិយោគបានសម្រុកលក់មាសចេញ ដើម្បីស្វែងរកផលចំណេញ និងរង់ចាំតម្រុយបន្ថែមទៀតពីធនាគារកណ្តាលអាមេរិក(Fed) និងស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៣ភាគរយមកនៅត្រឹម២៥០០,៧៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១%ដល់២៥៣៨,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥០៣,៩២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៤១,៣០ដុល្លារក្នុងមួយអោន។

លោក David Meger អ្នកវិភាគមួយរូបនៅក្រុមហ៊ុន High Ridge Futures លើកឡើងថា “យើងមិនមានការភ្ញាក់ផ្អើលទេ នៅពេលមើលឃើញការធ្លាក់ចុះនៃតម្លៃមាស ព្រោះក្រុមអ្នកវិនិយោគអាចខកចិត្ត ប្រសិនបើធនាគារ Fed មិនបង្ហើបពីលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់ក្នុងទ្រង់ទ្រាយធំ”។

បច្ចុប្បន្ន ទីផ្សារបន្តសម្លឹងឃើញឱកាស៧៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងបន្តិចដល់១០១,៩៦ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៨៩ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៦%ដល់២៩,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៧%ដល់៩៦៥,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៦៣%ដល់៩១៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here