តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារក្រុមអ្នកវិនិយោគមានក្តីសង្ឃឹមខ្ពស់លើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក នៅក្នុងខែកញ្ញា និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៥០២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៣%ដល់២.៥៤១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៤នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានងើបឡើងយ៉ាងគំហុកដល់២៥០៧,២៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានងើបឡើងដល់២៥៣៧,៨០ដុល្លារក្នុងមួយអោន។

លោក Everett Millman អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Gainesville Coins អះអាងថា “ហានិភ័យជម្លោះភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈឹមបូព៌ាកំពុងបង្កការព្រួយបារម្ភ ព្រោះអុីរ៉ង់អាចចូលរួមក្នុងជម្លោះនេះ បូករួមទាំងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។កត្តាទាំងនេះបានរួមចំណែកជំរុញតម្រូវការមាស”។

បច្ចុប្បន្ន ទីផ្សារបន្តសម្លឹងឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃមកនៅត្រឹម១០២,២១ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៤៦ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៩%ដល់២៩,១១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៤%ដល់៩៦៤,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣៣%ដល់៩៤០,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here