តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ប៉ុន្តែរំពឹងថា នឹងកើនឡើងចំនួន២សប្តាហ៍ជាប់ៗគ្នាគិតត្រឹមសប្តាហ៍នេះ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយការព្រួយបារម្ភរបស់វិនិយោគិនលើហានិភ័យវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសដែលប្រើប្រាស់ប្រេងច្រើនបំផុតលើពិភពលោក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៦សេន មកត្រឹម៨០,៨៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0024 GMT ប៉ុន្តែរំពឹងកើនឡើង១,៦% លើមូលដ្ឋានប្រចាំសប្តាហ៍ ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures បានធ្លាក់ចុះ២៣សេនមកនៅត្រឹម៧៧,៩៣ដុល្លារក្នុងមួយបារ៉ែលប៉ុន្តែរំពឹងកើនឡើង១,៥% លើមូលដ្ឋានប្រចាំសប្តាហ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការិយាល័យជំរឿនរបស់ក្រ
សួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង១ភាគរយ កាលពីខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះធ្លាក់ចុះ០,២% នៅក្នុងខែមិថុនា។ ការណ៍នេះអាចផ្តល់សន្ទុះដល់ទស្សនវិស័យសេដ្ឋកិច្ចអាមេរិក។

ដោយឡែក យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិកបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើមានចំនួន២២៧.០០០នាក់កាលពីសប្តាហ៍មុន។តួលេខនេះជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារការងារអាមេរិក បើធៀបនឹងការរំពឹងទុកចំនួន២៣៥.០០០នាក់។

បច្ចុប្បន្ន ទីផ្សារបន្តសម្លឹងឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃបន្តិចមកនៅត្រឹម១០២,៩៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៩៨ពិន្ទុកាលពីម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃយ៉ាងគំហុកនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street បានស្ទុះងើបឡើងថ្លៃ ខណៈទិន្នន័យនៃការលក់រាយរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយការភ័យខ្លាចចំពោះហានិភ័យវិបត្តិសេដ្ឋកិច្ច។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន១,៣៥ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,៩២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,៧០ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៣៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០៩២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ១,១៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៧៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here