តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈអុីស្រាអែលបានទទួលយកសំណើដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដែលរារាំងកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ដោយជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់នៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ១២សេនដល់៧៧,៥៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក U.S. West Texas Intermediate បានធ្លាក់ចុះ១៤សេនដល់៧៤,២៣ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារបន្តសម្លឹងឃើញឱកាស៧៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងបន្តិចដល់១០១,៩៦ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៨៩ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក (Federal Reserve) អាចផ្តល់តម្រុយបន្ថែមទៀតនៅក្នុងសប្តាហ៍នេះអំពីការកាត់បន្ថយអត្រាការប្រាក់។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,២៦ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៦៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,២៨ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៧១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៩៨ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here