រដ្ឋមន្រ្តីឧស្សាហកម្មនិងមេNBCពិភាក្សាលើយុទ្ឋសាស្រ្តជាតិសអភិវឌ្ឈន៍សេដ្ឋកិច្ចក្រៅប្រព័ន្ឋ

 ភ្នំពេញៈ លោកជំទាវបណ្ឌិត​ជា សិរី ទេសាភិបាល ធនាគា​រជាតិនៃកម្ពុជា និងលោកហែម វណ្ណឌី Vanndy Hem រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំស្តីពី “ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។

កិច្ចប្រជុំកាលពីថ្ងៃទី១៨ កក្កដាកន្លងមកនេះ មានគោលបំណង ស្វែងយល់បន្ថែមពីវឌ្ឍនភាពការងាររបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមអនុវត្តន៍យុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហការគាំទ្រ ការលើកកម្ពស់ការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីប្រធាន គ.ស.អ.ស.ក បានមានប្រសាសន៍ថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ នៅតែជាបញ្ហាប្រឈម សម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ ដោយសារកង្វះអនុលោមភាព។

លោកលើកឡើងថា គ.ស.អ.ស.ក កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះ ទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ។ ដូច្នេះហើយលោករដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាព ដែលអាជីវកម្មក្រៅប្រព័ន្ធអាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ ក្នុងផ្លេតហ្វមឌីជីថលនោះ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងនេះ និងគាំទ្រឱ្យមានការសិក្សាលម្អិតបន្ថែមទៀតពីមន្រ្តីជំនាញ។

លោកជំទាវក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាដើម។

បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យអាជីវកម្ម ក្រៅប្រព័ន្ធបើកគណនីសន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ អភិវឌ្ឍន៍​ប្រព័ន្ធទូទាត់ ដែលងាយស្រួល ចំណា​យតិច និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្រ្តីផងដែរ។

លោករដ្ឋមន្រ្តីហែម វណ្ឌី បានសាទរចំពោះវឌ្ឍនភាពការ​ងាររបស់ធនាគារជាតិនៃកម្ពុជា ដែលបានវិវឌ្ឍល្អស្របតាម​​យុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

អត្ថបទដោយ ៖ គង់ សូរិយា

LEAVE A REPLY

Please enter your comment!
Please enter your name here