ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកសុខ ដារិទ្ឋិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអគ្គនាយករងជំរុញពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។
ក្នុងជំនួបកាលពីសប្តាហ៍មុន លោកសុខ ដារិទ្ឋិ បានជួបជាមួយលោក Chen Xiangdong ប្រធានគណៈកម្មាធិការសន្និសីទប្រឹក្សានយោបា យប្រជាជនចិន (CPPCC) នៃទីក្រុងយៀកឈីង ខេត្តជីជាំង និងសហការី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា–ចិន ព្រមទាំងពង្រីកទំនាក់ទំនង រវាងទីក្រុងយៀកឈីង ជាមួយក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ លោកបានលើកឡើងថា កម្ពុជា–ចិន បានបង្កើនចំណងមិត្តភាពទ្វេរភាគី ពីមិត្តភាពដែកថែប ទៅជាមិត្តភាពត្បូងពេជ្រ ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ ជោគវាសនាតែមួយកម្ពុជា–ចិន និងជំរុញការបង្កើនទំហំពាណិជ្ជកម្ម ទ្វេរភាគីឱ្យកើនមួយកម្រិតបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា–ចិននេះ។
លោកបានបន្ថែមថាកម្ពុជាមានធុរជននិងវិនិយោគិនចិនជាច្រើនកំពុងដំណើរការអាជីវកម្មស្ទើគ្រប់វិស័យលើហេដ្ឋារចនាសម្ព័ន្ធរោងចក្រឧស្សាហកម្មកសិកម្មទេសចរណ៍និងសេវាកម្ម។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មានកិច្ចសហការជាមួយប្រទេសចិន រួមមាន៖ ពិព័រណ៍ពាណិជ្ជកម្ម នៅទីក្រុងណាននីង និងទីក្រុងផ្សេងជាច្រើនទៀតនៃប្រទេសចិន មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ការបង្កើតសួនឧស្សាហកម្មកម្ពុជា–ចិន វេទិកាធុរកិច្ច កិច្ចជំនួបពាណិជ្ជកម្ម និងកិច្ចជំរុញពាណិជ្ជកម្មនានា៕