ជប៉ុនផ្តល់ជំនួយជាង៦០លានដុល្លារលើគំរោងចំនួន២ នៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង៦០លានដុល្លារអាមេរិក លើគំរោងចំនួន២នៅកម្ពុជា ដោយពិធីចុះហត្ថលេខាបានធ្វើនៅទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុន។

ពិធីចុះហត្ថលេខានៃប្រទេសទាំងពីរ ធ្វើឡើងរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងអំឡុវមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុង ការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធគម្រោង២ ទី១ ការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២,៧ លានដុល្លារ សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និងទី២ ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាណ៥៩,៦ លានដុល្លារ សម្រាប់ការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អមបាត់ដំបង និងសិរីសោភ័ណប៉ោយប៉ែត) (III)

លោក សុខ ចិន្តាសោភា បានអរគុណដល់ជប៉ុន ដែលជប៉ុនបានចុះហត្ថលេខា លើសម្រាប់គម្រោងទាំងពីរនេះ។លោក ក៏បានបញ្ជាក់ថា ប្រទេសជប៉ុន មិនគ្រាន់តែបានរួមចំណែកយ៉ាងសំខាន់ ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ជំនួយ សម្រាប់ការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here