រដ្ឋមន្រ្តីមហាផ្ទៃលើកទឹកចិត្តឲ្យក្រុមហ៊ុនលំដាប់យក្សចិនពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណាា

ភ្នំពេញៈ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ លើកទឹកចិត្តក្រុមហ៊ុន CRBC ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិនិយោគ បន្ថែមទៀតនៅកម្ពុជា។

ក្នុងឱកាសអនុញ្ញាតជូនលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា និងសហការី សម្របសម្រួលដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ អភិសន្តបណ្ឌិត ស សុខា បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលផ្លូវ និងស្ពានសរុបរាប់ពាន់គីឡូម៉ែត្រ ដែលក្រុមហ៊ុន បានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមហ៊ុនCRBC ដែលបានផ្ដល់អំណោយមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយបរិចាគប្រាក់ ចំនួន១,៣លានដុល្លារ ដល់រាជរដ្ឋាភិបាល និងកាក្របាទក្រហមកម្ពុជា និងចូលរួមគាំទ្រថវិកាដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង រួមទាំងការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានផ្ដល់អាហារូបករណ៍ ជាច្រើនកន្លែងដល់សិស្ស និងនិស្សិតកម្ពុជា។

ក្រៅពីនេះអភិសន្តិបណ្ឌិតសសុខាក៏បានជម្រាបជូនអំពីគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលសក្ដានុពលនៃច្បាប់វិនិយោគថ្មីព្រមទាំងការធ្វើវិមជ្ឈការផ្ទេរសិទ្ធិសម្រេចគម្រោងវិនិយោគតម្លៃ៥លានដុល្លារចុះទៅឱ្យរដ្ឋបាលរាជធានីខេត្តដើម្បីផ្ដល់ឱកាសពង្រីកសក្ដានុពលទាក់ទាញគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ។

លោកអភិសន្តិបណ្ឌិត ក៏បានស្នើក្រុមហ៊ុនចិនចូលរួមផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់សាធារណជនចិន និងពិភពលោកផងដែរ។

លោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនCRBC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខនស្ត្រាក់សិន (CCCC) ដែលជាក្រុមហ៊ុនជំនាញ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅប្រទេសចិន ហើយក៏បានជាប់ចំណាត់ថ្នាក់ទី៦៣ ក្នុងចំណោមក្រុមហ៊ុន កំពូលទាំង៥០០ក្នុងពិភពលោក។

លោក យ៉ាង ជៀ ក៏បានជម្រាបអភិសន្តិបណ្ឌិត ស សុខា នូវជំនឿចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាលំនឹងសេដ្ឋកិច្ចជាតិ ស្ថិរភាពនយោបាយ និងបរិយាកាសសន្តិសុខ ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកមានភាពកក់ក្ដៅ ក្នុងការបោះជំហានពង្រីក ការវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសគម្រោងសាងសង់ផ្លូវ ល្បឿនលឿន ផ្លូវជាតិ និងស្ពាន តួយ៉ាងផ្លូវល្បឿនលឿនភ្នំពេញបាវិត ភ្នំពេញសៀមរាប និងក្រុងប៉ោយប៉ែតជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here