តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីទិន្នន័យបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៩,១៦លានបារ៉ែលកាលពីសប្តាហ៍មុន ដែលនេះជាសញ្ញាបង្ហាញពីកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈក្នុងរដូវក្តៅនៅអាមេរិក។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១៦សេន ដល់៨៥,៦០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0033 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៤សេនដល់៨២,៩៥ដុល្លារក្នុងមួយបារ៉ែល។

លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា “អត្រាអតិផរណានៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ។ ប៉ុន្តែ ក្រុមអ្នកបង្កើតគោលនយោបាយត្រូវការរង់ចាំមើលទិន្នន័យបន្ថែមទៀត មុនពេលសម្រេចចិត្ដកាត់បន្ថយអត្រាការប្រាក់ ដើម្បីធានាថា ការធ្លាក់ចុះនៃអត្រាអតិផរណានាពេលថ្មីៗនេះ អាចឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៃសេដ្ឋកិច្ច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,៧២ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញក្តីសង្ឃឹមចំពោះលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅឆ្នាំនេះ ក្រោយពីពួកគេបានស្តាប់ប្រសាសន៍របស់លោក Jerome Powell ប្រធានធនាគារ Fed។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃប្រមាណ០,៤៧ភាគរយគិតត្រឹមម៉ោង១០:២២នាទីព្រឹក។

ជាមួយគ្នានេះដែរ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៨៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៧២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៣០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here