ក្រុមហ៊ុនពហុជាតិធំៗចំនួន៤ប្រកាសបញ្ឈប់ប្រតិបត្តិការនៅប្រទេសម៉ាឡេសុី ក្នុងឆមាសទី១

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមមន្ត្រីជាន់ខ្ពស់ម៉ាឡេសុី បានឱ្យដឹងថា ក្រុមហ៊ុនពហុជាតិចំនួន៤ ដែលបានបោះទុនវិនិយោគសរុបចំនួន៧ពាន់លានរីងហ្គីត(ប្រហែល១,៤៨ពាន់លានដុល្លារ)បានប្រកាសបញ្ឈប់ប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ីក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៤។

ក្នុងចំណោមក្រុមហ៊ុនទាំង៤នោះ រួមមានដូចជា ក្រុមហ៊ុន Goodyear Malaysia Bhd ដែលជាក្រុមហ៊ុនផលិតសំបកកង់នៅក្នុងឧស្សាហកម្មកៅស៊ូ ខណៈក្រុមហ៊ុនចំនួន៣ផ្សេងទៀត គឺជាប្រភេទក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនផលិតដែកថែប និងដែក និងក្រុមហ៊ុនឧស្សាហកម្មម្ហូបអាហារ។

លោក Tengku Zafrul Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេសុី បានលើកឡើងថា “ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនផលិតដែកថែប និងដែក នឹងបញ្ឈប់ដំណើរការជាបណ្តើរៗនៅខែធ្នូខាងមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zafrul បានបន្តថា “ក្រុមហ៊ុនឧស្សាហកម្មម្ហូបអាហារនឹងបញ្ឈប់ដំណើរការនៅឯរោងចក្រ Port Klang របស់ខ្លួន ជាដំណាក់កាលនៅខែធ្នូ ឆ្នាំ២០២៤នេះដូចគ្នា។ ប៉ុន្តែប្រតិបត្តិការនៅរដ្ឋ Johor នឹងបន្តដំណើរការជាធម្មតា”។

លោក Zafrul បានគូសបញ្ជាក់ទៀតថា យើងសង្កេតឃើញមានកត្តាជាច្រើន ដែលនាំឱ្យក្រុមហ៊ុនទាំងនេះឈានទៅដល់ការបញ្ឈប់ប្រតិបត្តិការ ដូចជា កត្ដារៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ការកែសម្រួលគំរូអាជីវកម្ម និងការសម្របតាមនិន្នាការផលិតកម្មសកល។

ជាឧទាហរណ៍ ក្រុមហ៊ុន Goodyear Malaysia Bhd បានបិទរោងចក្រផលិតសំបកកង់ Shah Alam របស់ខ្លួន ដែលជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីខ្លួនជួបប្រទះការខាតបង់ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក ដោយលោកបន្ថែមថា “វិធានការកាត់បន្ថយការចំណាយស្រដៀងគ្នានេះក៏បានជះផលប៉ះពាល់លើប្រតិបត្តិការរបស់ក្រុមហ៊ុននៅប្រទេសអាល្លឺម៉ង់ និងអូស្ត្រាលីផងដែរ”។

ទោះជាយ៉ាងណាក្តី លោក Zafrul បានសង្កត់ធ្ងន់លើជំហរ និងការខិតខំជាសកម្មរបស់ក្រសួង ក្នុងការទាក់ទាញការវិនិយោគថ្មី និងគាំទ្រដល់ការបណ្តាក់ទុនក្នុងស្រុកតាមរយៈគោលនយោបាយ យុទ្ធសាស្រ្ត និងការចូលរួមរបស់ភាគីពាក់ព័ន្ធដើម្បីជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែមានលក្ខណៈអំណោយផល ពង្រឹងប្រព័ន្ធអេកូវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់៕ប្រភព: The edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here