រដ្ឋមន្រ្តីការបរទេសជប៉ុននឹងមកទស្សនកិច្ចនៅកម្ពុជា នាចុងសប្តាហ៍នេះ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) នឹងមក​​បំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៦ ខែកក្កដា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រី Kamikawa នឹងជួបដាច់ដោយឡែកជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងមានជំនួបទ្វេរភាគីជាមួយលោក សុខ ចិន្តាសោភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ទស្សនកិច្ចរបស់ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ នឹងរក្សាសន្ទុះនៃការផ្លាស់ប្ដូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។

ដំណើរទស្សនកិច្ចលើកទី១របស់លោកស្រី ខាមីខាវ៉ាធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងរបស់ខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២៣។

លោក ឯក ប៊ុនលី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់បានថ្លែងថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញពីទំនាក់ទំនង​ “ដ៏រឹងមាំដែលមានស្រាប់រវាងកម្ពុជាជប៉ុន។

លោកបន្តថា​​​ ទោះបីទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពរឹងមាំរួចទៅហើយក៏ដោយ ក៏ដំណើរទស្សនកិច្ចនេះបង្ហាថា ប្រទេសទាំងពីរចង់ពង្រឹងទំនាក់ទំនងទ្វេរភាគីឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ 

ចំណែកលោកថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា និងជប៉ុន មានឱកាស និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាច្រើនទាំងកម្រិតតំបន់ និងទ្វេភាគី។ ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជាដែលបានគាំទ្រការអភិវឌ្ឍកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក។

លោកថ្លែងថាជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុននឹងពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងគាំទ្រដល់កម្លាំងពលកម្មជំនាញរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេ (TVET) និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ខណៈនៅកម្រិតតំបន់ ប្រទេសទាំងពីរនឹងពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងការអភិវឌ្ឍអំពីវិធីសាស្ត្រដែលកម្ពុជា និងជប៉ុនអាចគាំទ្រយន្តការក្នុងតំបន់ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here