តម្លៃប្រេងបានកើនឡើង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការព្យាករណ៍ថា កង្វះការផ្គត់ផ្គង់នឹងកើតឡើង ដែលបណ្តាលមកពីកំណើននៃការប្រើប្រាស់ប្រេងឥន្ធនៈនៅរដូវក្តៅ ខណៈអង្គការ OPEC គ្រោងកាត់បន្ថយការផលិតប្រេងនៅក្នុងត្រីមាសទី៣នេះ

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១៦សេន ដល់៨៥,១៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0032 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៧សេនដល់៨១,៧១ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាមេរិកបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក បានស្ថិតក្នុងសភាពទ្រឹងនៅខែឧសភា បើប្រៀបធៀបនឹងកើនឡើង០,៣%កាលពីខែមេសា។ រីឯ តម្លៃទំនិញបានធ្លាក់ចុះ០,៤% ដែលនេះជាការធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦២,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,៦០ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីទិន្នន័យបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)ក្នុងវិស័យផលិតកម្មនៅប្រទេសចិនបានស្ថិតនៅទ្រឹងត្រឹម៤៩,៥ពិន្ទុកាលពីខែមិថុនាបើធៀបនឹងខែឧសភា ដែលការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការធ្លាក់ចុះនៃសកម្មភាពផលិតកម្ម។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃប្រមាណ០,០៩ភាគរយគិតត្រឹមម៉ោង១០:២២នាទីព្រឹក។

ជាមួយគ្នានេះដែរ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃត្រឹមតែ០,០១២ភាគរយប៉ុណ្ណោះ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,០៤៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៤៦ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here