តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះវិញ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងថ្លៃយ៉ាងគំហុកកាលពីយប់មិញ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណាអាមេរិក ដែលអាចផ្តល់តម្រុយលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៤%ដល់២៣២៤,២៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១១%ដល់២.៣៣៤ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១៤នាទីព្រឹក។

យោងតាមការិយាល័យជំរឿនរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការបញ្ជាទិញសម្ភារៈប្រើប្រាស់ក្នុងវិស័យផលិតកម្ម ដោយមិនរាប់បញ្ចូលយន្តហោះ បានធ្លាក់ចុះ០,៦ភាគរយ កាលពីខែឧសភា ដែលនេះជាសញ្ញាបង្ហាញថា សន្ទុះសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រនេះផងដែរ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៦,០១ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤២%ដល់២៩,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៥៣%ដល់១០១១,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,៥៦%ដល់៩៤២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១៦នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here