ដោយៈ គង់ ម៉ាលីនណា
អាល្លឺម៉ង់ៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg) ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការ ចាំបាច់នានា ជំរុញការវិនិយោគរវាងកម្ពុជា-អាល្លឺម៉ង់។
ដំណឹងនេះត្រូវបានលើកឡើងដោយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាច ជាមួយលោក Markus Lotzsch ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg)។
ក្រោយពីដំណើរទស្សនកិច្ចថ្ងៃដំបូង ក្នុងប្រទេសអាល្លឺម៉ង់ លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg) បានទទួលគណៈប្រតិភូកម្ពុជា ក្នុងជំនួបទទួលទានអាហារពេលល្ងាច ដោយក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ លើការរៀបចំយន្តការចាំបាច់នានា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក ដើម្បីធ្វើយ៉ាងណាសម្រួល ដល់កិច្ចការងារវិនិយោគរបស់បណ្ដាវិនិយោគិននៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានបន្តប្រើប្រាស់សម្លេងតែមួយ ដើម្បីជម្រាបជូនដល់គ្រប់តួអង្គពាក់ព័ន្ធ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក ឱ្យបានជ្រួតជ្រាបអំពីសក្ដានុពល ក្នុងការវិនិយោគនៅកម្ពុជា លក្ខខណ្ឌអំណោយផលនៃច្បាប់វិនិយោគ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ពហុមធ្យោបាយទាំងផ្លូវទឹក ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពិសេសបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលអនុញ្ញាតបើកឱ្យមានការវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិផងដែរ”។
បន្ទាប់ពីទទួលស្ដាប់អំពីការជម្រាបជូន របស់លោកស៊ុន ចាន់ថុល ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក បានថ្លែងការកោតសរសើរជូនចំពោះគំនិតផ្ដួចផ្ដើម របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំឱ្យមានគម្រោង ព្រែកជីកហ្វូណនតេជោកើតឡើង។
ក្នុងលក្ខខណ្ឌស្រដៀងគ្នា គឺដើម្បីសេដ្ឋកិច្ចជាតិ លោកបានសង្កេតឃើញថា ដោយសារមានព្រែកជីក Rhine–Main–Danube ទើបអនុញ្ញាតឱ្យទីក្រុងនួនប៊ឺក បានផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចក្នុងទីក្រុងល្អជាងមុន ពន្លឿនការដឹកជញ្ជូន បន្ថែមចំណូលជូនប្រជាពលរដ្ឋ ពិសេសបង្កើនភាពប្រកួតប្រជែង លើតម្លៃភស្ដុភារកម្មផងដែរ៕