ថ្នាក់ដឹកនាំជាតិនានសុទ្ឋតែមើលឃើញពីសារៈសំខាន់នៃ វិស័យ MSME

ដោយៈ ម៉ាណា

ភ្នំពេញៈ សហគ្រាសធុនមីក្រូ តូច និងមធ្យម(MSME) ពិតជាកំពុង​ចូល​រួម​ចំណែកយ៉ាងសកម្ម ហើយ​នឹង​​ត្រូវមានតួនាទីកាន់តែធំ និងជា​គន្លឹះក្នុងការនាំ​កម្ពុជា ​ទៅ​​សម្រេច​គោល​ដៅ​​ក្នុង​ការ​ចាក​ចេញ​ពី​ឋានៈជា​​ប្រទេស​មាន​ការ​អភិវឌ្ឍតិចតួច​នៅ​ចុង​ឆ្នាំ ​២០២៩។ នេះ​បើ​តាម​សាររបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្ត្រីនៃកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោ​ម​កិច្ច​សហការ​ជា​មួយសហគ្រិនខ្មែរ អង្គការGIZ អង្គការUNIDO និង​ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ​នៅសណ្ឋាគារ​ភ្នំពេញ បាន​រៀបចំ​​ទិវា​ជាតិ​សហគ្រាស​មីក្រូ តូច និង​មធ្យម លើក​​ទី​២ ដែលមាន​ការ​ចូល​រួម​ជា​គណៈ​អធិបតី​​ពី​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​​កិច្ច និងហិរញ្ញវត្ថុកាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខ្លឹម​សារ​នៃ​សារ​លិខិត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ ​សហគ្រាស​មីក្រូ តូច និង​មធ្យម លើក​​ទី​២ ដែល​អាន​ដោយ​លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ឱ្យ​ដឹង​ថា ការប្រារព្ធទិវាជាតិជាលើកទី ២ នេះ​បានបញ្ជាក់ពី​សារជាថ្មី អំពីការយកចិត្តទុកដាក់ ការប្តេជ្ញាជំរុញគាំទ្រ និងការផ្តល់តម្លៃដល់សហគ្រាស​មីក្រូ តូច និង​មធ្យម ពី​សំណាក់​រដ្ឋាភិបាល ​ដែលតែង​ចាត់​ទុក​ថា​ជាឆ្អឹងខ្នង និងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ​សង្គម។

សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកដល់សកម្ម​ភាពសេដ្ឋកិច្ចគ្រប់ប្រភេទ តាម​រយៈ​ការ​បង្កើតការងារ ប្រាក់ចំណូល កាត់បន្ថយការ​ធ្វើ​ចំណាក​ស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និង​រួមចំណែកដល់ការរីកចម្រើន នៃវិស័យឯកជនផងដែរ​។ សមិទ្ធផល និងវឌ្ឍនភាពដែល​​សហគ្រាស​មីក្រូ តូច និង​មធ្យម សម្រេ​ច​​បាន​​ក្នុងពេលជាង២ទសវត្សរ៍កន្លង​មក​នេះ ​បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀតនោះ គឺការឈានឆ្ពោះទៅចាកចេញ ពីឋានៈជា​ប្រទេ​សមានការអភិវឌ្ឍ​តិចតួចនៅចុងឆ្នាំ ២០២៩។

លោក​បាន​ឱ្យដឹង​ទៀត​ថា លក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍​ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍនានា​បានផ្តល់​ឱ្យ​កម្ពុជា គឺនឹងមានការប្រែប្រួល ហើយកាន់តែតឹងរឹងជាងមុន ដែល​ប្រកាស​នេះទាមទារឱ្យគ្រប់តួអង្គមិនថា វិស័យសាធារណៈ ឬវិស័យឯកជន ជាពិសេសសហគ្រាសគ្រប់ប្រភេទ​ត្រូវបង្កើន និង​ពង្រឹងសមត្ថភាព មានការអភិវឌ្ឍនិងវិវត្តអាជីវកម្មខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងអាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងយុគសម័យបច្ចេកវិទ្យាកាន់តែទំនើប និងសេដ្ឋកិច្ចពិភពលោក ដែលមានភាពមិនច្បាស់លាស់។ បង្គោលចរ ឆ្នាំ​២០២៩ គឺជាវិញ្ញាសាមិនសាមញ្ញនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលជឿជាក់ថា កម្ពុជា​អាចសម្រេចបាន។

លោក​បាន​ថ្លែង​ថា “ឈរលើមូលដ្ឋាននេះ ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅដំណាច់ឆ្នាំ២០២៩ គួរត្រូវបានយើងទាំងអស់គ្នា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ចាត់ទុកជាឱកាសដែលត្រូវក្តាប់យក និងទាញប្រយោជន៍ឱ្យបានជាអតិបរមា ជាជាងការភ័យព្រួយបារម្ភ និងខ្លបខ្លាចនូវការគំរាមកំហែងក៏ដូចជា​ការប្រកួតប្រជែងពីខាងក្រៅ”។ លោកបន្ថែមថា “តាមរយៈបទពិសោ​ធន៍ នៃបណ្តាសេដ្ឋកិច្ចជឿនលឿន មានតែការត្រៀមលក្ខណៈ ការពង្រឹង និងអភិវឌ្ឍសមត្ថភាព សហគ្រិនភាព នវានុវត្តន៍ និងការខិតខំព្យាយាមបំពេញអនុលោមភាពប៉ុណ្ណោះ ដែលជាកត្តាកំណត់នៃភាពជោគជ័យក្នុងដំណើរការវិវត្តនេះ”។

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុង​បរិការណ៍ដែល​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់នៅ​ពេល​នេះ សហគ្រាសធុនមីក្រូ តូច និង​មធ្យម គឺ​មាន​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ផលិតកម្ម​របស់​ខ្លួន​ ឱ្យ​បោះ​ជំហាន​ទៅមុខ​កាន់​តែ​លឿន​បន្ថែម​ទៀត។​​

លោក​បាន​ថ្លែង “​សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម -សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់”។​

យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន៧៥៣, ៦៧០ មូលដ្ឋាន ដោយ​មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី​៦០​ភាគរយ​។ វិស័យនេះរួមចំណែក៦៣ភាគរយ​​នៃផលិត ផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូល សម្រាប់មហិច្ឆតារបស់កម្ពុជា​ក្នុងការកសាង​សេដ្ឋកិច្ច ដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here