ចំណេះដឹង! តើ​វិនិយោគិន​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​ផ្សារ​ហ៊ុន?

ដោយ៖ សាវុធ

ភ្នំពេញ៖ គោលដៅ​សំខាន់​មួយ​នៃ​ការបង្កើត​ផ្សារ​ហ៊ុន​នៅ​កម្ពុជា គឺ​ដើម្បី​ប្រមែប្រមូល​លុយ​ទំនេរ​របស់​ប្រជាជន​ទូទៅ យកទៅឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​នានា​ប្រើប្រាស់​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន។ ចរាចរណ៍​កើនឡើង​នៃ​លុយ​ទាំងនេះ នឹង​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​កើនឡើង។

នេះ​ជា​សារប្រយោជន៍​មួយ​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ច។ ប្រសិនបើ​យើង​និយាយ​មួយបែប​ផ្សេង​សម្រាប់​ប្រជាជនម្នាក់ៗជា​វិនិយោគិន​វិញ កា​រប​ងើ្ក​ត​ផ្សារ​ហ៊ុន​គឺ​ផ្តល់ឱ្យ​ពួកគាត់​នូវ​ឱកាស​យកលុយ​ទំនេរ​របស់ខ្លួន(សល់​ពី​ការចាយវាយ​និង​វិនិយោគ​ដទៃទៀត) មក​ចូលរួម​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ចុះបញ្ជី​នៅលើ​ផ្សារ​ហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឱកាស​និង​ផលប្រយោជន៍​នានា​សម្រាប់​វិនិយោគិន៖

– ឱកាស​វិនិយោគ​មួយ​បន្ថែមទៀត(ជាមួយ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន) បន្ថែម​លើ​ការបើក​អាជីវកម្ម​រកស៊ី​ខ្លួនឯង ឬ​ចូល​ហ៊ុន​ធ្វើ​អាជីវកម្ម​ជាមួយ​បងប្អូន​ឬ​មិត្ត​ភ័ក្ត្រ។

– ឱកាស​ក្លាយជា​ម្ចាស់​ម្នាក់​នៃ​ក្រុមហ៊ុន​ចុះបញ្ជី(ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុនធំ) ដោយ​មិនចាំបាច់​មាន​ប្រាក់​ច្រើន និង​មិនចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​ដូច​ការគ្រប់គ្រង​អាជីវកម្ម​ផ្ទាល់ខ្លួន។

– ជា​ប្រភព​ចំណូល​ទី​ពីរ​បន្ថែម​លើ​ប្រាក់បៀវត្ស​ន៍(ឬក៏​ប្រាក់ចំណេញ​ពី​អាជីវកម្ម​ដែលមាន​ស្រាប់) ក្នុង​ទម្រង់​ជា​ភាគលាភ​ឬ​ប្រាក់ចំណេញ​ពី​ការទិញ​លក់​ភាគហ៊ុន។

– ជា​ជម្រើស​មួយ​បន្ថែមទៀត សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សំនុំ​វិនិយោគ​ដែលមាន​ស្រាប់ គឺ​បន្ថែម​លើ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​ការ​សន្សំ​មាន​កាលកំណត់​នៅ​ធនាគារ ជាដើម។

– មាន​ភាពងាយស្រួល​និង​រហ័ស​ក្នុង​ការចូល​វិនិយោគ(ទិញ​ហ៊ុន) ក៏ដូចជា​ការដកខ្លួន​ចេញ​វិញ(លក់​ហ៊ុន) នៅពេលដែល​ត្រូវការ​សាច់ប្រាក់​វិញ។

– មិនមាន​ពន្ធ​ប្រថាប់ត្រា​លើ​ការជួញដូរ​ហ៊ុន​នៅលើ​ផ្សារ​ហ៊ុន​ទេ។

– មិនមាន​ពន្ធ​កាត់​ទុក​លើ​ភាគលាភ​ដែល​ទទួល​ដោយ​និវេសន​ជនកម្ពុជា​ទេ (រួមទាំង​ជនបរទេស​ផងដែរ) ហើយ​មានការ​បន្ធូរបន្ថយ៥០%លើ​ពន្ធ​កាត់​ទុក(១៤%) លើ​ភាគលាភ​ទទួល​ដោយ​អ​និវេសន​ជន​សម្រាប់​រយៈពេល​បី​ឆ្នាំ​ដំបូង ដោយ​រាប់​ចាប់ពី​កាលបរិច្ឆេទ​ប្រតិបត្តិការ​ដំបូង​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា។

ការវិនិយោគ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏​មិន​ខុសពី​ការវិនិយោគ​ដទៃទៀត​ដែរ គឺ​តែងមាន​ហានិភ័យ។

ហានិភ័យ​នានា​នៃ​ការចូលរួម​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចុះបញ្ជី៖

– ហានិភ័យ​ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម​ទូទៅ៖ ហានិភ័យ​នៃ​ការបាត់បង់​ចំណែក​ទីផ្សារ​ទៅ​គូប្រកួត​ប្រជែង ហានិភ័យ​នៃ​ការមិន​ទូទាត់​សង​ពី​អតិថិជន ហានិភ័យ​នៃ​ការធ្វើ​បាតុកម្ម/កូដកម្ម​របស់​បុគ្គលិក ។ល។ ដែល​សុទ្ធសឹងតែ​ជា​កត្តា​ដែល​អាច​កើតឡើង និង​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់។

– ហានិភ័យ​ទាក់ទង​នឹង​ការគ្រប់គ្រង​ជំនួស៖ ការ​ក្លែងបន្លំ​បញ្ជី​គណនេយ្យ ការរាយការណ៍​មិន​ពេញលេញ​ឬ​ធ្វើឱ្យ​យល់ច្រឡំ ការប្រើប្រាស់​ព័ត៌មាន​ផ្ទៃក្នុង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ល។

ការគ្រប់គ្រង​ហានិភ័យ​ទាក់ទង​នឹង​ការគ្រប់គ្រង​ជំនួស៖

– រាជរដ្ឋាភិបាល​តាមរ​យៈគណៈ​កម្ម​ការមូល​ប​ត្រ​កម្ពុជា​បាន​តម្រូវឱ្យ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន រៀបចំ​និង​ផ្សព្វផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បានធ្វើ​សវនកម្ម​រួច និង​ព័ត៌មានសំខាន់ៗទាំងឡាយ​របស់​ក្រុមហ៊ុន ឱ្យបាន​ត្រឹមត្រូវ​និង​ទាន់ពេលវេលា ទៅកាន់​វិនិយោគិន​សាធារណៈ តាមរយៈ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (www.csx.com.kh)។

– ក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន​មួយរូប​នៃ​ក្រុមហ៊ុន​ចុះបញ្ជី គឺ​ដូចជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ដទៃទៀត​ដែរ វិនិយោគិន​ត្រូវ​តាមដាន​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​ចុះបញ្ជី សមត្ថភាព​គ្រប់គ្រង​និង​សុចរិត​ភាព​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជាដើម ដើម្បី​វាយតម្លៃ​អំពី​គុណភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន វាយតម្លៃ​អំពី​ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន និង​សម្រេចចិត្តថា​គួរ​ទិញ​បន្ថែម លក់​ចេញ ឬក៏​រក្សាទុក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here