តើមហាសេដ្ឋីកំពូលទាំង៥នៅតំបន់អាស៊ីមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាច្រើនប៉ុណ្ណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: មហាសេដ្ឋីកំពូលទាំង៥នៅតំបន់អាស៊ី ដែលនាំមុខដោយលោក Mukesh Ambani មានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាចំនួន៣៧១ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែឧសភា។ នេះបើយោងតាមទស្សនាវដ្តី Forbes India ។

ទី១: លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries

មហាសេដ្ឋីឥណ្ឌារូបនេះ មានវ័យ៦៧ឆ្នាំ និងមានទ្រព្យសម្បត្តិច្រើនជាងគេទី១នៅតំបន់អាស៊ី តាមរយៈក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនវិនិយោគ ក្នុងវិស័យគីមីឥន្ធនៈ ទូរគម​នា​គមន៍ ការលក់រាយ និងសេវាកម្មហិរញ្ញវត្ថុ។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ខែឧសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២: លោក Gautam Adani ស្ថាបនិកក្រុមហ៊ុនឧស្សាហកម្ម Adani Group

មហាសេដ្ឋីឥណ្ឌារូបនេះមានវ័យ៦១ឆ្នាំ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្សមួយនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅក្នុងវិស័យជាច្រើន រួមទាំងកំពង់ផែ និងភស្តុភារ ការផលិតនិងការបញ្ជូនថាមពល និងថាមពលបៃតង។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក មានចំនួន៨០,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១៤ ខែឧសភា។

ទី៣: លោក Zhong Shanshan ស្ថាបនិកក្រុមហ៊ុនផលិតទឹកដប Nongfu Spring

មហាសេដ្ឋីចិនរូបនេះមានវ័យ៦៩ឆ្នាំ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតទឹកដប Nongfu Spring ដែលជាអ្នកផ្គត់ផ្គង់ទឹកវេចខ្ចប់ឈានមុខគេរបស់ប្រទេសចិន។ នេះបើយោងតាមសារពត៌មាន ​​Bloomberg ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zhong មានចំនួន៦៧,២ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១៤ ខែឧសភា។

ទី៤: លោក Prajogo Pangestu ស្ថាបនិកក្រុមហ៊ុនថាមពល Barito Pacific

មហាសេដ្ឋីឥណ្ឌូនេស៊ីរូបនេះ មានវ័យ៨០ឆ្នាំ និងបានចាប់ផ្តើមកសាងអាជីវកម្មរបស់លោក នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយបានបង្កើតក្រុមហ៊ុន អាជីវកម្មឈើមួយឈ្មោះ Barito Pacific Timber ។ ក្រោយមក ក្រុមហ៊ុនត្រូវបានចុះក្នុងបញ្ជី និងប្តូរឈ្មោះថ្មីទៅជាក្រុមហ៊ុន Barito Pacific និងបានពង្រីកទៅក្នុងឧស្សាហកម្មផ្សេងៗ ដូចជាវិស័យគីមីឥន្ធនៈ ផលិតកម្មផ្លាស្ទិច ការជីកយករ៉ែ និងថាមពលកម្ដៅ។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន៦២ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១៤ ខែឧសភា។

ទី៥: លោក Colin Zheng Huang ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម PDD Holdings

មហាសេដ្ឋីចិនរូបនេះមានវ័យ៤៤ឆ្នាំ ដោយលោកទទួលបានភាពជោគជ័យខ្លាំង លើការបង្កើតPinduoduo ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងឆ្នាំ២០១៥។ នេះបើយោងតាមសារពត៌មាន Business Insider ។លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន៤៩,៥ពាន់លានដុល្លារត្រឹមថ្ងៃទី១៤ ខែឧសភា។ នេះបើយោងតាមទស្សនាវដ្តី ​​Forbes។

ទ្រព្យសម្បត្តិសុទ្ធ(Net Worth)គឺជាតម្លៃទ្រព្យសកម្មសរុបរបស់បុគ្គល ឬសាជីវកម្ម ប៉ុន្តែមិនរាប់បញ្ចូលបំណុល ដែលពួកគេជំពាក់នោះទេ។ ទ្រព្យសម្បត្តិសុទ្ធ គឺជា​រង្វាស់ដ៏​សំខាន់​មួយ ​ដើម្បី​ស្ទាបស្ទង់​សុខភាព​ហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here