NBCចុះMOUទ្វេរភាគីចំនួន៣លើកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនក្នុងវេទិការធុរកិច្ចកម្ពុជា កូរ៉េ

        ដោយៈ គង់ ម៉ាលីនណា

        សេអ៊ូលៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីចំនួន ៣ ដាច់ដោយឡែកពីគ្នាស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” នៅក្នុងរបៀបវារៈនៃវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។

ពិធីនេះបានប្រព្រឹត្តិទៅនាថ្ងៃទីព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ អនុស្សរណៈទី១ធ្វើឡើង ជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនោះដែរ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ក៏បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ត្រីភាគី ជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (កូរ៉េ) និងធនាគារ JEONBUK ស្តីពី “កិច្ចសហការចែករំលែកព័ត៌មានឥណទានឆ្លងដែន” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ពិធីចុះហត្ថលេខានេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ សំដៅបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេ​សទាំងពីរ ព្រមទាំងនឹងចូលរួមចំណែក ពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here