តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈកំណើនអតិផរណាទាបជាងការរំពឹងទុករបស់សហរដ្ឋអាមេរិក បានពង្រឹងលទ្ធភាពចំពោះការកាត់បន្ថយអត្រាការប្រាក់ ដែលអាចជំរុញឱ្យតម្រូវការប្រេងកើនឡើងកាន់តែខ្លាំង។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤២សេនដល់៨៣,១៧ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៤៣សេនដល់៧៩,០៦ដុល្លារគិតត្រឹមម៉ោងសកល 0032 GMT។

យោងតាម ទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)នៅសហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំខែចំនួន០,៣ភាគរយកាលពីមេសាកន្លងទៅ បើធៀបនឹងការរំពឹងទុករបស់ក្រុមសេដ្ឋវិទូក្នុងរង្វង់០,៤ភាគរយ ដែលការណ៍នេះបង្កើនក្តីសង្ឃឹមថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន២ដងក្នុងឆ្នាំនេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៥២%សម្រាប់ឆ្នាំ២០២៤ ដោយចាប់ផ្តើមនៅខែកញ្ញាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះ០,០៧%មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល៥សប្តាហ៍ គឺ១០៤,១២ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះ បន្ទាប់ពីសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)ប្រចាំខែមេសារបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ១,៤០ភាគរយ គិតត្រឹមម៉ោង១០:០៨នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,១៨ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៤៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,២៨ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ១,៥២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៧៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here