តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងទាបជាងការរំពឹងទុកនៅក្នុងខែមេសាកន្លងទៅ ដែលនេះជាសញ្ញាសុទិដ្ឋិនិយមសម្រាប់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៩%ដល់២៣៨៦,៩៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០២ភាគរយដល់២៣៩៥,៣ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៧នាទីព្រឹក។

យោងតាម ទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)នៅសហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំខែចំនួន០,៣ភាគរយកាលពីមេសាកន្លងទៅ បើធៀបនឹងការរំពឹងទុករបស់ក្រុមសេដ្ឋវិទូក្នុងរង្វង់០,៤ភាគរយ ដែលការណ៍នេះបង្កើនក្តីសង្ឃឹមថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន២ដងក្នុងឆ្នាំនេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៥២%សម្រាប់ឆ្នាំ២០២៤ ដោយចាប់ផ្តើមនៅខែកញ្ញាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះ០,០៧%មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល៥សប្តាហ៍ គឺ១០៤,១២ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦៩%ដល់២៩,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤៥ភាគរយដល់១០៦៨,៦៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៥ភាគរយដល់១០១១,១៨ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៩នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here