ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាវិនិយោគកម្ពុជា និងផ្នែកពាក់ព័ន្ឋបានជួបជាមួយមន្រ្តីចិន ដើម្បីពិភាក្សាពីឱកាសវិនិយោគលើវិស័យសូត្រ និងវាយណភ័ណ្ឌនៅកម្ពុជា។
ជំនួបពិភាក្សានេះ ត្រូវបានដឹកនាំដោយលោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារមកពីអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និង គ.វ.ក. បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសហភាពសូត្រអន្ដរជាតិ (ISU) ដែលដឹកនាំដោយលោក Zhang Guoqiang ប្រធាន ISU និង Cathaya Group ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ក៏ដូចជាពិភាក្សាអំពីលទ្ធភាព ក្នុងការពង្រីកគម្រោងវិនិយោគ ពាក់ព័ន្ធនឹងឧស្សាហកម្មសូត្រ និងវាយនភណ្ឌនៅកម្ពុជា។
លោកសួន សុផលបានស្វាគមន៍សមភាគី ដែលបានអញ្ជើញមកកម្ពុជាដោយផ្ទាល់ ដើម្បីជួបពិភាក្សាជាមួយក្រុមការងារអំពីប្រធានបទពាក់ព័ន្ធ នឹងកិច្ចសម្រួលវិនិយោគ ក្នុងវិស័យឧស្សាហកម្មសូត្រនៅកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានជម្រាបជូនគណៈប្រតិភូអំពីវត្តមាននៃតុចិន (China Desk) ដែលជាយន្តការតុជួរមុខ សម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនចិន។ បន្ថែមពីនេះ លោកបានគូសរំលេចអំពីកញ្ចប់លើកទឹកចិត្ត សម្រាប់គម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលជ្រកក្រោមរបបវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ប្រកបដោយភាពបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែងពេញលេញដោយសមភាព និងគ្មានការរើសអើង។
លើសពីនេះ លោកសួន សុផលបានលើកទឹកចិត្តឱ្យសមភាគីពិនិត្យលទ្ធភាពរៀបចំ កម្រងឧស្សាហកម្ម នៅតាមបណ្តោយរបៀងឧស្សាហកម្ម សម្រាប់ប្រើប្រាស់ជាថ្នាល ដើម្បីឱ្យក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនអា ចបណ្ដាក់ទុនវិនិយោគ នៅក្នុងតំបន់ដ៏មានសារៈសំខាន់នេះ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជាការឆ្លើយតប សមភាគីបានសម្តែងនូវសេចក្តីសោមនស្សជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតួអង្គពាក់ព័ន្ធដែលបានផ្តល់នូវសេវាពិគ្រោះយោបល់ប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្ត។
ទន្ទឹមនឹងនេះ គណៈប្រតិភូបានផ្តល់សញ្ញាណវិជ្ជមានថា នឹងបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅពង្រីកគម្រោងវិនិយោគ និងសកម្មភាពវិនិយោគរបស់ខ្លួនឱ្យកាន់តែរីកធំធាត់ និងគង់វង្សយូរអង្វែង៕