តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃបានកើនឡើងនៅថ្ងៃពុធនេះ ខណៈភ្លើងឆេះព្រៃដ៏ធំមួយបាននិងកំពុងខិតទៅជិតតំបន់ឧស្សាហកម្មប្រេង Fort McMurray របស់ប្រទេសកាណាដា ដែលមានសមត្ថភាពផលិតប្រេងបានប្រមាណ៣,៣លានបារ៉ែលក្នុងមួយថ្ងៃ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៤សេន ដល់៨២,៧១ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures (WTI) បានកើនឡើង៣៨សេនដល់៧៨,៣៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0016 GMT។

យោងតាម ការិយាល័យ ស្ថិតិ នៃ ក្រសួង ការងារអាមេរិកបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញនេះថា សន្ទស្សន៍តម្លៃអ្នកផលិត(PPI)បានកើនឡើងលើមូលដ្ឋានប្រចាំខែចំនួន០,៥ភាគរយ កាលពីខែមេសា បើធៀបនឹងការរំពឹងទុកថា នឹងកើនឡើងត្រឹមតែ០,៣ភាគរយ ដែលការណ៍នេះបង្ហាញថា អតិផរណានៅតែមានកម្រិតខ្ពស់នៅដើមត្រីមាសទីពីរ។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤៣%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលដកស្រង់ដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,០១ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះដល់១០៤,៩៥ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះ បន្ទាប់ពីសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍សន្ទស្សន៍តម្លៃអ្នកផលិត(PPI)ប្រចាំខែមេសារបស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៥៧ភាគរយ គិតត្រឹមម៉ោង១០:០៨នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានបិទការជួញដូរ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣០ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានបិទការជួញដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here