កម្ពុជាប្រមូលប្រាក់បានជាង១២៥លានដុល្លារពីការនាំចេញកៅស៊ូ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង១២៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទើបទទួលបាននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤បានបង្ហាញថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមេសា ឆ្នាំ២០២៤ មានចំនួន១២៥,១៥៦,៨៣៦ដុល្លារ។ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៦១៧,១១៤ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានបន្តថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ ជ័រកៅស៊ូ មានតម្លៃ១,៥៣២ដុល្លារក្នុង១តោន កើនឡើងចំនួន២ដុល្លារ ក្នុង១តោន ស្មើនឹង១.១៣% ធៀបនឹងខែមុន និងបានកើនឡើងចំនួន៩៤ដុល្លារ ក្នុងមួយតោនស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។

ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ មានតម្លៃ១២៦ដុល្លារ ក្នុងមួយម៉ែត្រគីប។

លោកឃុន កក្កដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ស្ថានភាពកៅស៊ូកម្ពុជា បើនិយាយអំពីតម្លៃគឺល្អ ហើយការប្រមូលផល ចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមចូលជៀរជ័រកៅស៊ូឡើងវិញហើយ។

លោកបញ្ជាក់ថា “ស្ថានភាពមកដល់ពេលនេះ វាល្អជាងបណ្ដា​លឆ្នាំកន្លងទៅ ព្រោះដោយសារ តម្លៃអាចទទួលយកបាន ទោះបីមិនទាន់ដល់កម្រិតមួយដូចពីមុន ប៉ុន្ដែតម្លៃចាប់ពី១,៧០០ដុល្លារ ដល់២,០០០ដុល្លារ ក្នុងមួយតោនឲ្យតែថេរគឺល្អ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here