ដោយ: គង់ លាងហួរ
ប៉េកាំង: មន្ត្រីទទួលបន្ទុករៀបចំផែនការសេដ្ឋកិច្ចចិន បានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលបានវិភាជន៍ថវិកាជាតិ ជាង២០០ពាន់លានយ័ន (ប្រហែល២៨,១៦ពាន់លានដុល្លារ) ដើម្បីពង្រីកការវិនិយោគប្រក បដោយប្រសិទ្ធភាព គិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់ពេលនេះ។
លោក Liu Sushe អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា កញ្ចប់ថវិកាសម្រាប់ការវិនិយោគ គ្របដណ្តប់ជាង៣០ភាគរយ នៃចំនួនថវិកាជាតិសរុប ដែលបានគ្រោងទុកប្រចាំឆ្នាំ។
លោក Liu បានបន្តទៀតថា គណៈកម្មាធិការនឹងពន្លឿនការវិភាជន៍មូលនិធិដែលពាក់ព័ន្ធ ពង្រឹងការត្រួតពិនិត្យគម្រោង និងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់មូលនិធិថវិកាជាតិ។
យោងតាមរបាយការណ៍ការងារ របស់រដ្ឋាភិបាលនៅឆ្នាំនេះ បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលគ្រោងនឹងវិភាជន៍ថវិកាជាតិចំនួន៧០០ពាន់លានយ័ន សម្រាប់ការវិនិយោគក្នុងឆ្នាំ២០២៤នេះ។
ក្រៅពីមូលនិធិថវិកាជាតិ ប្រទេសចិនក៏មានគម្រោងបោះផ្សាយមូលបត្របំណុលពិសេស ចំនួន៣,៩ទ្រីលានយ័ន សម្រាប់រដ្ឋបាលក្នុងតំបន់ ដែលកើនឡើង១០០ពាន់លានយ័នបើធៀបនឹងឆ្នាំមុន។
លោក Liu បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីលើកកម្ពស់ការអនុវត្តន៍គម្រោង ដែលគាំទ្រដោយមូលបត្របំណុលរតនាគារ ចំនួន១ទ្រីលានយ័ន ដែលបានបោះផ្សាយលក់បន្ថែមនៅក្នុងឆ្នាំ២០២៣កន្លងទៅ។
លោកបន្ថែមថា គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបានវិភាជន៍ថវិកា ដល់គម្រោងចំនួន១៥.០០០គម្រោង ហើយយើងនឹងជំរុញគម្រោងទាំងនេះ ឱ្យចាប់ផ្តើមបើកការដ្ឋានសាងសង់មុនដំណាច់ខែមិថុនាខាងមុខ៕ប្រភព: Xinhua៕