តម្លៃប្រេងបានកើនឡើង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ខណៈពេលដែលការផ្គត់ផ្គង់ត្រូវបានរឹតបន្តឹង ដោយសារតែការរំខានប្រតិបត្តិការ គួបផ្សំនឹងកំណើននៃតម្រូវការ និងការកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្តរបស់អង្គការ OPEC+។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៩សេន ដល់៨៣,៥៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង១៨សេនដល់៧៩,៣០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 1224 GMT។

ទន្ទឹមនឹងនេះ ទីផ្សារកំពុងរង់ចាំអ៊ុតមើលរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកក្នុងទម្រង់ជា សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារនេះ និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធស្អែកនេះ។

យ៉ាងណាមិញ អ្នកវិនិយោគរំពឹងថា  ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ បន្ទាប់ពីរបាយការណ៍ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ទីផ្សារការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈអត្រាអ្នកគ្មានការងារធ្វើប្រចាំខែមេសាបានកើនឡើងដល់៣,៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលដកស្រង់ដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,២៥ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃអង្គារនេះ ខណៈពេលដែលទីផ្សារកំពុងរង់ចាំមើលទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) ប្រចាំខែមេសារបស់សហរដ្ឋអាមេរិក។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,០៦ភាគរយ គិតត្រឹមម៉ោង១០:១៩នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៥១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,០៨៧ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៦១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០២៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here