តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលជាសូចនាករដ៏សំខាន់អាចចង្អុលបង្ហាញពីគោលនយោបាយរបស់ធនាគារFed។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៥%ដល់២៣៤១,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៦ភាគរយដល់២.៣៤៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៨នាទីព្រឹក។

ទន្ទឹមនឹងនេះ ទីផ្សារកំពុងរង់ចាំអ៊ុតមើលរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកក្នុងទម្រង់ជា សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារនេះ និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធស្អែកនេះ។

យ៉ាងណាមិញ អ្នកវិនិយោគរំពឹងថា  ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ បន្ទាប់ពីរបាយការណ៍ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ទីផ្សារការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈអត្រាអ្នកគ្មានការងារធ្វើប្រចាំខែមេសាបានកើនឡើងដល់៣,៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលដកស្រង់ដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,២៥ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤២%ដល់២៨,៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៥៧ភាគរយដល់១០០២,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥៩ភាគរយដល់៩៦៦,៣១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៧នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here