កាណាដាប្រកាសផ្ដល់ជំនួយឥតសំណងដល់កម្ពុជា២០លានដុល្លារ ក្នុងមួយឆ្នាំស្របពេលទំហំពាណិជ្ជកម្មទ្វេរភាគីបន្តកើនឡើង

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រទេសកាណាដា តាមរយៈឯកអគ្គរាជទូតរបស់ខ្លួនលោកស្រី Ping M. Kitnikone បាន ប្រកាសថា ប្រទេសនេះនឹងបន្តផ្ដល់ជំនួយឥតសំណង ដល់កម្ពុជាក្នុង១ឆ្នាំ២០លានដុល្លារ។

ជាមួយគ្នានេះ ភាគីកាណាដា នឹងការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាបន្ថែមផងដែរ។ ការប្រកាសនេះធ្វើឡើងក្នុងពេលលោកស្រីឯកអគ្គរាជទូត បានចូលជួបប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិកាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយកខុទ្ទកាល័យ សម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងជំនួបនោះលោកស្រី Ping M. Kitnikone បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាជិតឈានចេញពីប្រទេសក្រីក្រក្ដី តែជំនួយរបស់កាណាដា សម្រាប់កម្ពុជាគឺនៅដដែល ដែលនេះជាការបង្ហាញនូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងកាណាដា។

លោកបន្តថា “ការចូលរួមមកដល់កម្ពុជា គឺជាការសម្រេចនូវកាតាព្វកិច្ចរបស់កាណាដា សម្រាប់ការលើកកម្ពស់ពហុភាគីនិយមលើឆាកអន្តរជាតិ ហើយប្រទេសអភិវឌ្ឍន៍ មានការប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវជំនួយ ក្នុងការអភិវឌ្ឍន៍ហ្នឹងដល់ប្រទេសក្រីក្រ”។

នៅក្នុងជំនួបនោះសម្ដេចសភាធិកាធិបតី ឃួន សុដារី បានលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែង រវាងកម្ពុជា និងកាណាដានិងជំនួយរបស់ប្រទេសនេះមកកាន់កម្ពុជា ជាបន្តបន្ទាប់តាំងពីអំឡុងទស្សវត្សទី៩០ ដែលបានជួយដល់សង្គម សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ជាពិសេសគឺការបន្តរក្សាប្រព័ន្ធអនុគ្រោះពន្ធGSP ដោយមិនមានសម្ពាធនយោ​បាយធ្វើជារបាំង នៃពាណិជ្ជកម្មជាមួយកម្ពុជានោះទេ។

ស្របពេលដែលប្រទេសកាណាដា កំពុងចចារជាមួយអាស៊ានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយសម្ដេច ឃួន សុដារី ថាកម្ពុជានឹងគាំទ្រចំពោះកិច្ចព្រមព្រៀងនេះ ខណៈស្នើដល់កាដាណាគួរមើលកម្ពុជា លើសពីក្របខណ្ឌប្រទេស ព្រោះកម្ពុជាគឺជាសមាជិកអាស៊ាន និងជាសមាជិកនៃកិច្ចព្រមពៀងRCEP ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាមិត្ត។

ទំនាក់ទំនងទ្វេភាគីរបស់កាណាដា ជាមួយកម្ពុជាបានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយ ដែលទាក់ទងនឹងជម្លោះឥណ្ឌូចិន នៅពេលដែលកាណាដា បានចូលរួមក្នុងគណៈកម្មាធិការ ត្រួតពិនិត្យអន្តរជាតិ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ លើសពីនេះកាណាដាក៏ជាភាគី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍។

កាណាដា គឺជាគោលដៅនាំចេញធំមួយរបស់កម្ពុជា ហើយពាណិជ្ជកម្មទំនិញទ្វេរភាគី បានកើនឡើងពី១,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ២,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេសកាណាដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here