តម្លៃប្រេងបានធ្លាក់ចុះ ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានបន្តធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ស្របពេលតម្រូវការប្រេងបង្ហាញសញ្ញាធ្លាក់ចុះ ដោយសារការអត្ថាធិប្បាយពីសំណាក់ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក បានបង្អាក់ក្តីសង្ឃឹមនៃការកាត់បន្ថយអត្រាការប្រាក់។

តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ២៦សេន មកនៅត្រឹម៨២,៥៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0025 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ២៣សេនមកនៅត្រឹម៧៨,០៣ដុល្លារក្នុងមួយបារ៉ែល។

នៅក្នុងសប្តាហ៍នេះ ទីផ្សារនឹងរង់ចាំអ៊ុតមើលរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកក្នុងទម្រង់ជា សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារ និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធ។

យ៉ាងណាមិញ អ្នកវិនិយោគរំពឹងថា  ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ បន្ទាប់ពីរបាយការណ៍ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា អត្រាអ្នកមានការងារធ្វើក្នុងខែមេសានៅសហរដ្ឋអាមេរិកបានកើនឡើងទាបជាងការព្យាករណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសខ្ពស់បំផុត ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៥០ភាគរយនៅក្នុងឆ្នាំ២០២៤នេះ ដោយអាចចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,៣៤ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈទីផ្សារបានត្រៀមខ្លួនចំពោះទិន្នន័យនៃការលក់រាយ និងទិន្នផលឧស្សាហកម្មរបស់ប្រទេសចិន ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,២១ភាគរយ គិតត្រឹមម៉ោង១០:១១នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៣៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,២៩ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,២២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here