ទីក្រុងឡុងដ៍គ្រោងសាងសង់អគារខ្ពស់កប់ពពកជិត៦០០បន្ថែមទៀតក្នុងមួយទសវត្សរ៍ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារខ្ពស់ៗកប់ពពកជិត៦០០អគារទៀត គ្រោងនឹងសាងសង់នៅទូទាំងទីក្រុងឡុងដ៍ ដែលធ្វើឱ្យរាជធានីរបស់ប្រទេសអង់គ្លេសមួយនេះ មានសោភ័ណភាព ដូចជាសង្កាត់ Manhattan នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ជាក់ស្តែង ក្រុមហ៊ុន New London Architecture (NLA) បានអះអាងថា អគារចំនួន៥៨៣អគារ ដែលមានកម្ពស់ជាង២០ជាន់ នឹងលេចរូបរាងឡើងជាបន្តបន្ទាប់គ្នា ក្នុងទីក្រុងឡុងដ៍ នារយៈពេលមួយទសវត្សរ៍ខាងមុខ។ កំណើននៃការសាងសង់អគារខ្ពស់ៗ ត្រូវបានជំរុញដោយតម្រូវការការិយាល័យ និងលំនៅដ្ឋាន ព្រមទាំងការវិនិ​យោ​គនៅក្រៅប្រទេស។

តួលេខខាងលើនេះបានកើនឡើងទ្វេរដង  បើប្រៀបធៀបទៅនឹងការសាងសង់អគារខ្ពស់កប់ពពក បានត្រឹមតែ២៧០អគារប៉ុណ្ណោះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ផែនការនេះត្រូវបានលើកឡើង បន្ទាប់ពីក្រុមប្រឹក្សា Southwark បានសម្រេចអនុម័តឱ្យសាងសង់ប៉មចំនួន៣ ដែលនឹងបង្កើតបានជាបណ្តុំ អគារខ្ពស់កប់ពព​ក​ថ្មីមួយទៀតនៅទីក្រុងឡុងដិ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Peter Murray សហស្ថាបនិកក្រុមហ៊ុន New London Architecture (NLA) បានលើកឡើងថា “សំណង់អគារខ្ពស់ៗបានផ្លាស់ប្តូរមុខមាត់ ទីក្រុងឡុងដ៍យ៉ាងខ្លាំង ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយសំណង់អគារនឹងបន្តរីកស្គុះស្គាយ ក្នុងរយៈពេល១០ខាងមុខ”។

លោកបានបញ្ជាក់ថា “ចំនួនប្រជាជននៅទីក្រុងឡុងដ៍ នឹងបន្តកើនឡើងដល់កម្រិតលើស១០លាន នាក់នៅចុងទសវត្សរ៍នេះ”។ លោកបន្ថែមថា “យើងនៅតែត្រូវការអគារខ្ពស់ៗ ហើយក្រុមហ៊ុន NLA នឹងបន្តតាមដានយ៉ាងដិតដល់ ចំពោះអ្វីដែលកំពុងកើតឡើង”។

ក្នុងចំណោមអគារខ្ពស់ៗជាច្រើន គេសង្កេតឃើញថា ក្នុងនោះ អគារ Shard គឺជាអគារដ៏ពេញនិយម សម្រាប់ប្រជាជនរស់នៅទីក្រុងឡុងដ៍។ នេះបើយោងតាមរបាយការណ៍ ដែលមានចំណងជើងថា “London’s Growing Up: A Decade of Building Tall” ។

បច្ចុប្បន្ន អគារ The Shard មានកំពស់៣១០ម៉ែត្រ គឺជាអគារដែលខ្ពស់ជាងគេបំផុត នៅក្នុងចក្រភពអង់គ្លេស ហើយក៏ជាអគារខ្ពស់បំផុតនៅក្នុងសហភាពអឺរ៉ុប រហូតដល់ប្រទេសអង់គ្លេសដកខ្លួនចេញពីសមាជិកភាពរបស់EU កាលពីខែមករា ឆ្នាំ២០២០៕ប្រភព:metro.co.uk៕

LEAVE A REPLY

Please enter your comment!
Please enter your name here