តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលជាសូចនាករដ៏សំខាន់អាចចង្អុលបង្ហាញពីគោលនយោបាយរបស់ធនាគារFed។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៦%ដល់២៣៥៨,៨២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤២ភាគរយដល់២.៣៦៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៩នាទីព្រឹក។

នៅក្នុងសប្តាហ៍នេះ ទីផ្សារនឹងរង់ចាំអ៊ុតមើលរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកក្នុងទម្រង់ជា សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារ និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ អ្នកវិនិយោគរំពឹងថា  ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ បន្ទាប់ពីរបាយការណ៍ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា អត្រាអ្នកមានការងារធ្វើក្នុងខែមេសានៅសហរដ្ឋអាមេរិកបានកើនឡើងទាបជាងការព្យាករណ៍។

នាពេលនេះ ទីផ្សារមើលឃើញឱកាសខ្ពស់បំផុត ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៥០ភាគរយនៅក្នុងឆ្នាំ២០២៤នេះ ដោយអាចចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,៣៤ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៣%ដល់២៨,១១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,២៣ភាគរយដល់៩៩១,៨៧ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៨ភាគរយដល់៩៧១,៩៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០១នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here