តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ ខណៈទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិកបានបង្ហាញពីការកើនឡើងនៃស្តុកប្រេងឆៅ និងស្តុកប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក ដែលនេះជាសូចនាករស្តែងឱ្យឃើញពីការថយចុះនៃតម្រូវការ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២១សេន មកត្រឹម៨២,៩៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0020 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៧៨,២៥ដុល្លារក្នុងមួយបារ៉ែល។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចុះអត្រាការប្រាក់យ៉ាងហោចណាស់ចំនួន១លើក នៅឆ្នាំ២០២៤នេះ គឺនៅក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៩ភាគរយដល់ត្រឹម១០៥,៥១ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បាន
ធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈទស្សនវិស័យរបស់ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកលើគោលនយោបាយអត្រាការប្រាក់បន្តស្ថិតក្នុងភាពមិនច្បាស់លាស់។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,២០ភាគរយ គិតត្រឹមម៉ោង៩:៤៨នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៣៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤៤ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,២១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០០១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,០២២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here