ទូតកាតាសន្យាជួយផ្សព្វផ្សាយដើម្បីជម្រុញការវិនិយោគមកកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា លោកKhalid Ali Abdullah Abel បានសន្យាជួយផ្សព្វផ្សាយ ក្នុងការជំរុញនិងទាក់ទាញវិនិយោគ ហើយសន្យានឹងខិតខំជំរុញការផ្សព្វផ្សាយសក្តានុពលវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-កាតា។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលក្នុងដំណើទស្សនកិច្ចការងារ នៅរាជធានីភ្នំពេញនាពេលនេះ មានគោលបំណងស្វែងយល់ពីតួនាទី របស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គលេខាធិការរង បានជម្រាបជូនពីរចនាសម័្ពន្ធដឹកនាំ និងតួនាទីរបស់ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ហើយដែលមានមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំនិងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងក្របខណ្ឌវិនិយោគ លោកអគ្គលេខាធិការរង ក៏បានជម្រាបជូនផងដែរពីច្បាប់ និងអនុក្រឹត្យស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធនានា, ការផ្តល់ការលើកទឹកចិត្ត, ការចុះបញ្ជី និងកិច្ចសម្រួលវិនិយោគ, វិស័យវិនិយោគអាទិភាព, ស្ថានភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន ដែលមានបំណងមកសិក្សា ស្វែងយល់ពីសក្តានុពលវិនិយោគ រឺមកបណ្តាក់ទុននៅកម្ពុជា។

លោកឯកអគ្គរាជទូតកាតា បានសម្តែងនូវក្តីរីករាយដែលបានយល់ច្បាស់ ព្រមទាំងវាយតម្លៃខ្ពស់ពីតួនាទី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការរីកចម្រើនរបស់ប្រទេសកាតានាពេលបច្ចុប្បន្ន ហើយបានជម្រាបជូនពីការត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការចូលរួមរៀបចំផ្សព្វផ្សាយ ពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរជូនវិនិយោគិន តាមរយៈកិច្ចសហការតភ្ជាប់ជាមួយសភាពាណិជ្ជកម្មកាតា និងតំណាងក្រសួងស្ថាប័នកាតា ដែលទទួលបន្ទុកការងារវិនិយោគ ហើយប្តេជ្ញានិងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here