វិទ្យាស្ថានយុទ្ឋសាស្រ្តសេដ្ឋកិច្ចអន្តរជាតិចិនគ្រោងបង្កើតវិទ្យាល័យនិងសាខារបស់ខ្លួននៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រតិភូមកពីវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន មានគម្រោងបង្កើតវិទ្យាល័យ និងសាខាវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង នៅក្នុងឱកាស បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូមកពីវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសំណេះសំណាលពិនិត្យលទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ច សហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងពីគម្រោង នៃការបង្កើតវិទ្យាល័យ និងសាខាវិទ្យាស្ថានយុទ្ធសាស្ត្រ សេដ្ឋកិច្ចអន្តរជាតិនៅកម្ពុជា ក៏ដូចជាការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើការផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដែលមានសមត្ថភាព តែខ្វះលទ្ធភាពឱ្យទៅបន្តការសិក្សានៅប្រទេសចិន។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើម នៃការបង្កើតវិទ្យាល័យ និងវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៅកម្ពុជា និងការផ្តល់អាហារូបករណ៍គាំទ្រ ដល់ការបន្តសិក្សារបស់និស្សិតខ្មែរនៅប្រ​ទេ​សចិនកន្លងមក ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ពន្លឿនចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបញ្ជាក់ថា “ក្រសួងអប់រំ រីករាយគាំទ្ររាល់គំនិតផ្ដួចផ្ដើម នៃកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបម្រើប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here