ការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនយក្សApple បន្សល់ទុកនូវទីក្រុងខ្មោចនៅក្នុងប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: សួនឧស្សាហកម្មក្នុងទីក្រុងNanning ខេត្ត Guangxi ប្រទេសចិន ក្លាយជាទីក្រុងខ្មោច ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោក Foxconn ដែលជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួន ចេញពីទីតាំងមួយនេះ។

ចំណាត់ការនេះបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចក្នុងស្រុក ស្របពេលដែលក្រុមហ៊ុនលំដាប់យក្ស Apple របស់សហរដ្ឋអាមេរិក បាននិងកំពុងធ្វើពិពិធកម្មការផលិតទូរស័ព្ទ iPhone របស់ខ្លួនចេញពីប្រទេសចិន។

បច្ចុប្បន្នសួនឧស្សាហកម្ម ដែលធ្លាប់ជាចំណុចស្នូលនៃសេដ្ឋកិច្ចរបស់ទីក្រុងណាននីង បានប្រែក្លាយទៅជាទីតាំង ដែលគេទុកទំនេរចោល ខណៈផ្លូវ និងអគារលំនៅដ្ឋានជុំវិញជាច្រើន ក៏ស្ថិតនៅទំនេរផងដែរ។ នេះបើយោងតាមវីដេអូ ដែលចែករំលែកដោយប៉ុស្តិ៍ព័ត៌មាន China Observer កាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ អគារអាផាតម៉ិនស្ថិតនៅក្បែរនោះ ក៏មិនសូវមានអតិថិជនចូលមកទិញផងដែរ បើទោះបីជាមានការបញ្ចុះតម្លៃយ៉ាងណាក្តី ដោយសារតែតំបន់នេះ បានបាត់បង់ចំណុចទាក់ទាញរបស់ខ្លួន ស្របពេលដែលបុគ្គលិកភាគច្រើន របស់ក្រុមហ៊ុនបានសម្រុកផ្លាស់ទីលំនៅរបស់ពួកគេទៅកាន់ទីកន្លែងផ្សេង។

ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ចម្បងរបស់ក្រុមហ៊ុនយក្ស Apple បាននិងកំពុងផ្លាស់ប្តូរខ្សែសង្វាក់ ផលិតកម្មរបស់ខ្លួនទៅកាន់បណ្តាប្រទេសផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានភាពតានតឹង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

សារពត៌មាន Bloomberg  បានរាយការណ៍កាលពីខែមេសាកន្លងទៅថ្មីៗនេះថា ប្រទេសឥណ្ឌាគឺជាគោលដៅមួយ ក្នុងចំណោមគោលដៅផ្សេងទៀត សម្រាប់ក្រុមហ៊ុន Foxconn ខណៈការផលិតទូរស័ព្ទ iPhone នៅឥណ្ឌា បានកើនឡើងទ្វេរដង បើធៀបនឹងឆ្នាំ២០២២ ឡើងដល់ទំហំទឹកប្រាក់១៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលស្មើនឹងចំណែក១៤% នៃការផលិតទូរស័ព្ទ iPhone សរុបរបស់ក្រុមហ៊ុន Apple។

ផ្ទុយទៅវិញ ការផលិតទូរស័ព្ទ iPhone នៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន បានដាំក្បាលចុះ៦០,១% មកនៅត្រឹម៦,៦៥លានគ្រឿងក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសារពត៌មាន ​​South China Morning Post៕ ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here