ប្រទេសថៃគ្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន២នៅឆ្នាំ២០២៧ ក្រោមទុនវិនិយោគរាប់ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

បាងកក: ការសិក្សាលទ្ធភាពសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ក្នុងប្រទេសថៃ គឺអាកាសយានដ្ឋានAndaman និងអាកាសយានដ្ឋាន Lanna អាចនឹងបញ្ចប់នៅឆ្នាំនេះ ខណៈការសាងសង់គ្រោងចាប់ផ្តើមនៅឆ្នាំ២០២៧។ព្រលាន​យន្តហោះ​ថ្មី​ទាំង២នេះ ​នឹង​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​៤០​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

លោក Kirati Kitmanawat នាយកប្រតិបត្តិក្រុមហ៊ុន Airports of Thailand បានថ្លែងថា ការសិក្សាលទ្ធភាពនេះ គ្របដណ្តប់លើសក្តានុពលនៃការវិនិយោគ ផលចំណេញសេដ្ឋកិច្ច ប្រាក់ចំណូលផ្នែកហិរញ្ញវត្ថុ និងផលប៉ះពាល់បរិស្ថាន។

លោកបញ្ជាក់ថា “ការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ Andaman នៅក្នុងខេត្ត Phang Nga ភាគខាងត្បូងនៃប្រទេសថៃ នឹងត្រូវចំណាយទុនវិនិយោគ អស់ប្រហែល៧៥ពាន់លានបាត(ជាង២ពាន់លានដុល្លារ)”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន AOT បានកំណត់យកដីទំហំ៦.៥០០រ៉ៃ (១.០៤០ហិកតា) ដែលស្ថិតនៅក្នុងស្រុកKhok Kloi សម្រាប់ស្ថាបនាគម្រោងនេះ ខណៈចំនួនប្រហែល៤០% នៃដីឡូតិ៍ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលរួចទៅហើយ។

ការ​សាងសង់​អាកាសយានដ្ឋាន Andaman នឹង​ត្រូវ​ចំណាយ​      រយៈពេល​ប្រហែល៤ឆ្នាំ​កន្លះ ដោយ​អាកាសយានដ្ឋាន​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បើក​ដាក់ឱ្យដំណើរការនៅ​ឆ្នាំ២០៣២ខាងមុខ។

ចំណែក អាកាសយានដ្ឋានអន្តរជាតិ  Lanna នឹងត្រូវសាងសង់នៅលើផ្ទៃដី៦.៥០០រ៉ៃ ស្ថិតក្នុងស្រុក Ban Thi ខេត្ត Lamphun ភាគខាងជើងនៃប្រទេសថៃ ក្នុងតម្លៃទុនវិនិយោគប្រហែល៧២ពាន់លានបាត(ប្រមាណ១,៩៥ពាន់លានដុល្លារ) ខណៈដីភាគច្រើនជាកម្មសិទ្ធិឯកជន។

លោក Kirati បានបន្តថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិLanna ក៏នឹងចាប់ផ្តើមនៅឆ្នាំ២០២៧ផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃការបញ្ចប់ការសាងសង់នោះទេ។

លោក Kirati បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា “គម្រោងព្រលានយន្តហោះទាំងពីរ នឹងត្រូវការដើមទុនសរុបប្រហែល១៥០ពាន់លានបាត ដោយយើងបានអញ្ជើញអ្នកវិនិយោគឯកជន ឱ្យចូលរួមជាលើកដំបូងក្នុងការបណ្តាក់ទុន”។

Airports of Thailand Public Company Limited (AOT)  គឺជាក្រុមហ៊ុនសាធារណៈរបស់រដ្ឋាភិបាលថៃ ដែលគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន១០ នៅក្នុងប្រទេសមួយនេះ។៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here