តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសដំឡើងថ្លៃប្រេងឆៅសម្រាប់លក់ទៅកាន់តំបន់ជាច្រើន ហើយក្តីសង្ឃឹមក្នុងការស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានថយចុះ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៨សេន ដល់៨៣,២៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0119 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង២៩សេនដល់៧៨,៤០ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមនៅក្នុងប្រទេសរបស់ខ្លួនត្រឹមតែ១៧៥.០០០កន្លែងប៉ុណ្ណោះ កាលពីខែមេសា បើធៀបនឹងការព្យាករណ៍ចំនួន២៣៥.០០០កន្លែង ហើយអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងដល់៣,៩% ។នេះបើយោងតាមទិន្នន័យចុងក្រោយពីក្រសួងការងារអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន៤៥ពិន្ទុមូលដ្ឋាន ឬស្មើនឹង០,៤៥ភាគរយ នៅឆ្នាំ២០២៤នេះ ដោយចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាបបក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,១២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីរបាយការណ៍អត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក បានពង្រឹងក្តីសង្ឃឹមនៃការបញ្ចុះអត្រាការប្រាក់នៅឆ្នាំ២០២៤នេះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៥៧ភាគរយ គិតត្រឹមម៉ោង៩:៥៦នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,០៣២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ១,៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ១,០១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានបិទការជួញដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here