តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed)នឹងបញ្ចុះអត្រាការប្រាក់នៅចុងឆ្នាំនេះ បន្ទាប់ពីទីផ្សារការងារនៅសហរដ្ឋអាមេរិកបង្ហាញសញ្ញានៃការធ្លាក់ចុះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៩%ដល់២៣១៣,៧៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦៤ភាគរយដល់២៣២៣,៣ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៨នាទីព្រឹក។

សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមនៅក្នុងប្រទេសរបស់ខ្លួនត្រឹមតែ១៧៥.០០០កន្លែងប៉ុណ្ណោះ កាលពីខែមេសា បើធៀបនឹងការព្យាករណ៍ចំនួន២៣៥.០០០កន្លែង ហើយអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងដល់៣,៩% ។នេះបើយោងតាមទិន្នន័យចុងក្រោយពីក្រសួងការងារអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាស ដែលធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន៤៥ពិន្ទុមូលដ្ឋាន ឬស្មើនឹង០,៤៥ភាគរយ នៅឆ្នាំ២០២៤នេះ ដោយចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខ។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាបបក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,១២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៦៤%ដល់២៦,៩៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៩២ភាគរយដល់៩៥៨,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១ភាគរយដល់៩៤៤,៨៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥១នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here