កម្ពុជាបើកពិព័ណនៅប្រទេសជប៉ុនដើម្បីទាក់ទាញការចាប់អារម្មណ៍

ដោយៈ គង់ ម៉ាលីនណា

        ជប៉ុនៈ កម្ពុជាបានពិធីសម្ពោធពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅសួនឧទ្យានយ៉ូយ៉ូហ្កិ (Yoyogi Park) ទីក្រុងតូក្យូ។

លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីនេះ និងមានការចូលរួមពីលោកទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោកIMAMURA Masahiro សមា​ជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ព្រមទាំង ឯកឧត្តម HOSAKA Yasushi អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន។

លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្នរបស់កម្ពុជា សក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ បានចាត់ទុកប្រទេសជប៉ុនជាដៃគូដ៏សំខា​ន់បំផុតមួយរបស់កម្ពុជា និងបានជំរុញឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ពិចារណាដាក់ទុននៅកម្ពុជា ឱ្យបានច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុនជប៉ុនធំៗមួយចំនួន បានបើកដំណើរការនៅកម្ពុជា ដូចជា Minebea, Aeon Mall ហើយថ្មីៗនេះ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) នៅប្រទេសកម្ពុជា គឺដោយចៃដន្យនៅថ្ងៃតែមួយនៃពិធីសម្ពោធពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ ផងដែរ។

ពិព័រណ៍កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ទេសចរណ៍ ផលិ​ត​ផលសក្តានុពលខ្មែរ និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវអន្តរជាតិ។

ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់សរុបចំនួន៩០ បានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយនូវម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរជាច្រើនមុខ ក្នុងនោះក្រុមហ៊ុនមកពីប្រទេសកម្ពុជា ដឹកនាំដោយក្រសួងពាណិជ្ជកម្ម មានចំនួន៧ក្រុមហ៊ុន។

ក្រៅពីការតាំងពិព័រណ៍ ក៏មានការរៀបចំនូវកម្មវិធីសម្ដែងរបាំបុរាណខ្មែរ ដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ ក្រុមរបាំសម្តែងដោយកុមារា កុមារីខ្មែរនៅជប៉ុន តន្រ្តីសម័យ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ សម្តែងដោយក្រុមសមាគមនិស្សិ​តខ្មែររៀននៅជប៉ុន និងការសម្តែងក្បាច់គុនខ្មែរផងដែរ ដែលតាមរយៈកម្មវិធីទាំងអស់នេះ ពិព័រណ៍កម្ពុជា បានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ៣ម៉ឺននាក់ នៅក្នុងថ្ងែដំបូងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here