ទីផ្សារអចលនទ្រព្យលក់រាយនៅក្នុងប្រទេសសិង្ហបុរីស្ថិតក្រោមសម្ពាធ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមស្ថិតិរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)បានបង្ហាញថា ទីផ្សារអចលនទ្រព្យលក់រាយ នៅប្រទេសសិង្ហបុរីបានធ្លាក់ចុះ មកនៅក្រោមសម្ពាធនៃម៉ាក្រូសេដ្ឋកិច្ច ជាពិសេសសម្ពាធអតិផរណា និងបរិយាកាសអត្រាការប្រាក់។

យោងតាមក្រុមប្រឹក្សាអចលនទ្រព្យ ​​​​JLL បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ចំនួននៃអត្រាទីតាំងលក់រាយ ដែលទុកទំនេរចោលបានកើនឡើងបន្តិច បើទោះបីជាតម្រូវការនៅក្នុងទីផ្សារលក់រាយទាំងមូលមានភាពធន់ ហើយការផ្គត់ផ្គង់ស្ថិតក្នុងកម្រិតមធ្យមយ៉ាងណាក្តី។

អត្រាទីតាំងលក់រាយដែលទុកទំនេរចោល នៅទូទាំងប្រទេស ដែលមានផ្ទៃដីដ៏តូចមួយនេះ បានកើនឡើង០,២ភាគរយ បើធៀបនឹងត្រីមាសទី៤ឆ្នាំមុន ដល់៦,៧% នៅក្នុងត្រីមាសទី១ ឆ្នាំនេះ បន្ទាប់ពីធ្លាក់ចុះអស់៣ត្រីមាសជាប់ៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះដែរ ថ្លៃជួលទីតាំងលក់រាយ(Retail space)នៅក្នុងតំបន់កណ្តាលទីក្រុង បានបន្តធ្លាក់ចុះ០,៤ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ០,១ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។

ក្រុមហ៊ុន JLL បានអះអាងថា ខ្លួនបានសង្កេតឃើញពីការពង្រីកជាយុទ្ធសាស្រ្ត នៃទីផ្សារលក់រាយទាំងមូល នៅក្នុងពាណិជ្ជកម្មចម្រុះ ប្រតិបត្តិការម្ហូបអាហារ និងភេសជ្ជៈ ជាពិសេស ម៉ាកសម្លៀកបំពាក់ម៉ូដ កន្លែងកម្សាន្ត ប្រតិបត្តិការសកម្ម ដែលទាក់ទងនឹងកីឡា កន្លែងថែរក្សាសម្រស់ និងសុខភាព។

ទោះជាយ៉ាងណាក្តី អ្នកលក់រាយមួយចំនួន បានសម្រេចបិទអាជីវកម្មនៅក្នុងផ្សារទំនើប ដោយសារការចំណាយប្រតិបត្តិការខ្ពស់ ការប្រកួតប្រជែងខ្លាំង ការបង្កើតគំនិតនៃការលក់រាយ ដែលមិនពេញនិយម និងការផ្លាស់ប្តូរចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដែលកត្តាទាំងនេះអាចជាមូលហេតុ ជំរុញឱ្យអត្រាទីតាំងលក់រាយ ទុកទំនេរចោល កើនឡើងកាន់តែខ្ពស់។

ជាក់ស្តែង នៅក្នុងត្រីមាសទី១ ហាងលក់សម្លៀកបំពាក់ Zara បានបិទប្រតិបត្តិការរបស់ខ្លួន នៅផ្សារទំនើប Marina Square ខណៈហាង Times Bookstores បានបិទសាខារបស់ខ្លួន នៅផ្សារទំនើប Plaza Singapura និងផ្សារទំនើបWaterway Point ដោយសារតែការលក់ធ្លាក់ចុះ ហើយចំនួនភ្ញៀវក៏មានការថយចុះផងដែរ៕ប្រភព:Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here