តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅក្នុងការជួញដូរដំបូងនៅថ្ងៃសុក្រនេះ ស្របពេលដែលអ្នកវិនិយោគបង្ហាញការរំពឹងទុកថា អង្គការនៃបណ្តាប្រទេសនាំចេញប្រេង ឬហៅកាត់ថា OPEC + នឹងបន្តកាត់បន្ថយការផលិតប្រេងឆៅរបស់ពួកគេ។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែកក្កដាបានកើនឡើង១៦សេនដល់៨៣,៨៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0008 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់សហរដ្ឋអាមេរិកសម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង១៩សេនដល់៧៩,១៤ដុល្លារក្នុងមួយបារ៉ែល។

កាលពីដើមឆ្នាំ២០២៤ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ចំនួន៦លើកដោយធនាគារកណ្តាលអាមេរិក។ ប៉ុន្តែ នៅពេលនេះវិញ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះ គឺនៅក្នុងខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះតិចតួចមកនៅត្រឹម១០៥,២៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមហ៊ុនយក្ស Apple បានប្រកាសទិញភាគហ៊ុនទូទៅត្រឡប់មកវិញ (Share buyback)ក្នុងទំហំទឹកប្រាក់ចំនួន១១០ពាន់លានដុល្លារ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ១,០៣ភាគរយ គិតត្រឹមម៉ោង១០:០៧នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,១៤ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 និងសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិន បានបិទការជួញដូរ គិតចាប់តាំងពីថ្ងៃពុធ ទី១ ខែឧសភា។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here