តម្លៃហាងឆេងមាសបានស្ថិតក្នុងភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃសុក្រនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក ដែលនឹងអាចជះឥទ្ធិពលលើគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនាពេលខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៩%ដល់២៣០១,៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៥ភាគរយដល់២៣១០,៨ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹក។

លោក David Meger នាយកផ្នែកវិនិយោគនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “ដោយសារអត្រាអតិផរណានៅតែមានកម្រិតខ្ពស់ និងការស្ទុះងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក យើងបានសង្កេតឃើញមានសម្ពាធមួយចំនួន ដែលសង្កត់ទៅលើទីផ្សារមាសក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ”។

កាលពីដើមឆ្នាំ២០២៤ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ចំនួន៦លើកដោយធនាគារកណ្តាលអាមេរិក។ ប៉ុន្តែ នៅពេលនេះវិញ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះ គឺនៅក្នុងខែធ្នូខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះតិចតួចមកនៅត្រឹម១០៥,២៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២១%ដល់២៦,៦៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៩២ភាគរយដល់៩៥៨,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១ភាគរយដល់៩៣៦,៣៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៦នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here